(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ បញ្ជាក់ថា បណ្ដាញសង្គមយក្ស Facebook ដែលឥឡូវគេស្គាល់ថាជា Meta Platforms បាននិងកំពុងតែប្រឈមមុខនឹងការផាកពិន័យ ថ្មី មួយទៀតដែលមានទំហំទឹកប្រាក់រហូតដល់ ៣,២ ពាន់លានដុល្លារអាមេរិកក្នុងប្រទេសអង់គ្លេស ជុំវិញការចោទប្រកាន់ថាបានបំពានលើទីផ្សារ ដោយ ការកេងប្រវ័ញ្ចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ៤៤លាននាក់។ លោកស្រី Liza Lovdahl Gormsen ទីប្រឹក្សាជាន់ខ្ពស់នៃអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA) របស់ចក្រភពអង់គ្លេស និងជាអ្នក សិក្សាច្បាប់ប្រកួតប្រជែង បាននិយាយថា លោកស្រីកំពុងលើកយកករណីនេះមកសិក្សា ពាក់ព័ន្ធ នឹងទិន្នន័យអ្នកប្រើប្រាស់ដែលជាប្រជាជនអង់គ្លេសបានប្រើប្រាស់ Facebook ចន្លោះឆ្នាំ ២០១៥ និង ២០១៩។
ក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ Facebook ថា រកប្រាក់បានរាប់ពាន់លានផោន តាមរយ:ការដាក់ លក្ខខណ្ឌមិនយុត្តិធម៌ដែលទាមទារឱ្យអ្នកប្រើប្រាស់លះបង់ទិន្នន័យផ្ទាល់ខ្លួនដ៏មានតម្លៃដើម្បីចូលប្រើបណ្តាញសង្គមរបស់ខ្លួន និងមិនបាន បញ្ជាក់ឱ្យដឹង ថា ទិន្នន័យរបស់ពួកគេអាចនឹងត្រូវបានយក ទៅប្រើក្នុងលក្ខខណ្ឌផ្សេងឡើយ។
«ទោះជាយ៉ាងណាក៏ដោយ មានចំណុចអាថ៍កំបាំងមួយចំនួនដែល Facebook បានបំពានលើការ ត្រួតត្រាទីផ្សាររបស់ខ្លួន ដើម្បីដាក់លក្ខខណ្ឌមិនយុត្តិធម៌លើជនជាតិអង់គ្លេស ដោយផ្តល់ឱ្យនូវ អំណាចក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ»។ នេះជាការ បញ្ជាក់បន្ថែមរបស់លោកស្រី Liza Lovdahl Gormsen៕