សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្រចំពោះបេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា


 (ភ្នំពេញ)៖ លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកល បានផ្ញើសារមួយ សម្តែង ការគាំទ្រ និងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយជោគ ជ័យ។ តាមរយៈលិខិតរបស់ខ្លួន លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ បានលើកឡើងថា វិបត្តិនៅមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់ជាសាកល ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចៀសស្ថានការណ៍នេះ គឺពិតជាចាំបាច់ខ្លាំង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងសម្ដេច ហ៊ុន សែន វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ កំពុងបានធ្វើឡើងឈាងឆ្ពោះទៅរកដំណោះស្រាយនៃវិបត្តិបច្ចុប្បន្ន នេះ។ សហព័ន្ធសន្តិភាពសកល ក៏សម្តែងការអបអរសាទរដល់លទ្ធផលនៃបេសកកម្មសន្តិភាព ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម អនុម័តកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយដែល បានបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សានិងសន្តិភាព នៅមីយ៉ាន់ម៉ា។

សហព័ន្ធសន្តិភាពសកល សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះលទ្ធផលនិងការ ព្រមព្រៀងគ្នា រួមមាន៖

១៖ ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២

២៖ ការព្រមព្រៀងអនុញ្ញាតឱ្យប្រេសិតពិសេសជួបជាមួយគ្រប់ភាគីជម្លោះ

៣៖ ការព្រមព្រៀងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ សហព័ន្ធសន្តិភាពសកល សូមសម្តែងនូវការ គាំទ្រយ៉ាងពេញទំហឹង៕