(ភ្នំពេញ)៖ លោក Will Nankervis ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន បានពិភាក្សាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លើបញ្ហាប្រឈមនៃការដោះ ស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា។
ជំនួបពិភាក្សាបានធ្វើឡើងនៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី។
លោក Will Nankervis បានថ្លែងលើបណ្តាញ Twitter ឲ្យដឹងថា ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺមាន «ការពិភាក្សាស៊ីជម្រៅ លើបញ្ហាប្រឈម នៃការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការអនុវត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន-អូស្ត្រាលី និងគាំទ្រដល់ប្រទេសកម្ពុជាជាប្រធានអាស៊ានផងដែរ»។
បើតាម Facebook របស់ឯកឧត្តម ប្រាក់ សុខុន គឺប្រមុខការទូតកម្ពុជាបួងសួង «សូមឲ្យប្រទេស យើងទាំងពីរបន្តរីកចម្រើន និងមានវិបុលភាព។ សូមប្រជាជនយើង ទទួលបានពរជ័យគ្រប់ប្រការ និងរស់នៅប្រកបដោយភាពសុខដុមរមនា!»។
សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលី ក៏ធ្លាប់បានប្រកាសធ្វើជាប្រទេសគាំ ទ្រដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ។
ក្នុងជំនួបតាមទូរសព្ទ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ រវាងលោកស្រី Marise Payne រដ្ឋ មន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, លោកស្រីបានអះអាងទៀតថា កម្ពុជា ជា ដៃគូ សំខាន់ ក្នុង តំបន់ ហើយ អូស្ត្រាលី មាន ចំណាប់ អារម្មណ៍ ជា យូរ មក ហើយ ជាមួយប្រទេសកម្ពុជានេះ៕