KOICA បន្តប្រគល់រថយន្តគិលានសង្គ្រោះ ១០គ្រឿង និងតេស្តរហ័ស ៨,៣២៥ឃីត ដល់ក្រសួង សុខាភិបាល


(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានបន្តផ្តល់រថយន្តគិលានសង្គ្រោះ ១០គ្រឿង និងតេស្តរហ័ស ៨,៣២៥សេត ដល់ក្រសួងសុខា ភិបាលកម្ពុជា។ ពិធីប្រគល់-ទទួលបានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណា ងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ មន្ត្រីក្រសួងសុខាភិបាល និងលោក Rho Hyunjun នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេស កម្ពុជា។ លើកឡើងនាឱកាសនោះលោកជំទាវ យក់ សម្បត្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងគាំទ្រទាំងបច្ចេកទេស និងថវិកា ជួយគាំទ្រដល់ វិស័យសុខាភិបាលនៅ កម្ពុជា រួមមាន៖ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការផ្គត់ផ្គង់សម្ភារវិជ្ជសាស្ត្រ រួមទាំងជំនួយ ផ្សេងៗទៀត។

ជាមួយគ្នានោះលោកជំទាវ យក់ សម្បត្តិ ក៏បានជម្រាបជូនដល់ភាគីកូរ៉េ ពីស្ថានភាពនៃការគ្រប់គ្រង និងការរីករាលដាលនៃកូវីដ១៩នៅកម្ពុជា ដោយលោកស្រីបញ្ជាក់ថា ចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» គិតមកដល់ពេលនេះនៅកម្ពុជា មានជាង២០០ករណីហើយ ដែលប្រជា ពលរដ្ឋ បានឆ្លងជំងឺថ្មីនេះ ភាគច្រើន ជាករណីនាំចូល និងមានប្រជាពលរដ្ឋឆ្លងក្នុង សហគមមួយ ចំនួនផងដែរ។ លើកឡើងក្នុងឱកាសនោះដែរលោក Rho Hyunjun បានថ្លែងកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់
ជំងឺកូវីដ១៩ និងបានធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានជាច្រើន ក្នុងនោះក៏មានជនជាតិ​កូរ៉េផងដែរ។

សូមបញ្ជាក់ដែរថា ការប្រគល់ជំនួយនាពេលនេះ គឺជាកញ្ចប់ថវិកាមួយផ្នែកនៃគម្រោងពង្រឹងសុខ ភាពមាតា និងទារកនៅភាគឥសាននៃប្រទេសកម្ពុជា ដែលមានមន្ទី សុខាភិបាលខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានរយៈពេល៤ឆ្នាំ (២០១៩ ២០២៣) ដែលត្រូវបានអនុវត្តក្រោមជំនួយឥត សំណង របស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ក្នុងថវិកាប្រមាណជា ៧លានដុល្លា សហរដ្ឋអាមេរិច៕