ក្រសួងសាធារណការ ត្រៀមបង្កើត App « គម្រោង PR Care» ដើម្បីតាមដានប្រសិទ្ធភាពនៃការ សាងសង់ផ្លូវ


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App) «គម្រោង PR Care» សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាង សង់ និង វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋាន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការ ចូលរួមពីថ្នាក់ ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាព ក្រោមឱវាទក្រសួងផងដែរ។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ក៏បានណែនាំឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជួយពិនិត្យ កែសម្រួល និង​សហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃការអភិវឌ្ឍកម្មវិធីនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី «គម្រោង PR Care»នេះ ក្នុងគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោង សាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋានដូចជាធនធានមនុស្ស សម្ភារៈ គ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋានសាងសង់រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕