លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងចរាចរណ៍ នៅកម្ពុជា

 (បាត់ដំបង)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២នេះ បានបញ្ជាក់អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងចរាចរណ៍នៅ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងឆ្លងសហគមន៍ជាបន្ដបន្ទាប់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញនៅខេត្តបាត់ដំបង លោកស្រី ឱ វណ្ណឌីន បានអះអាងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លង ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ករណីហើយ ប៉ុន្ដែភាគច្រើនជាករណីនាំចូល។

បើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ។ លោកជំទាវបន្ថែមថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នកខ្លះបាន១ដូស ខ្លះ២ដូស និងមានខ្លះចាក់បាន៣ដូសហើយផងដែរ៕