(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរមន្ត្រីជាង ៤ម៉ឺននាក់ហើយ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយបានផ្តល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិ សម្រេចក្នុងការជ្រើសរើស ឬបណ្តេញមន្ត្រីចេញពីក្របខណ្ឌ ក្នុងបំណងបង្កើនប្រសិទ្ធភាពការ អភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងសន្និសីទព័ត៌មានស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំដោយអង្គ ភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា តាមរយៈកម្ម វិធីនេះ គ.ជ.អ.ប បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ បុគ្គលិករបស់ខ្លួន។ ក្នុងនោះ បុគ្គលិកចំនួនជាង ៤០.០០០នាក់ ត្រូវបានផ្ទេរចេញពីការគ្រប់គ្រងនៅ ថ្នាក់ជាតិ ទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យការបំពេញការងារ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ចាន់ សុធា បានអះអាងថា មន្ត្រីដែលបានផ្ទេរការគ្រប់គ្រងពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ នេះ រួមមាន៖ ក្រសួងមហាផ្ទៃជាង ៧,០០០នាក់ ក្រសួងសុខាភិបាលជាង ២០,០០០នាក់ និង ក្រសួងជំនាញចំនួន២០ បានផ្ទេរបុគ្គលិកជិត ២០.០០០នាក់។
ឯកឧត្តម ចាន់ សុធាន បានអះអាងបែបនេះ «យើងបានផ្ទេរមន្ត្រីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះយើងបានផ្ទេរមន្ត្រីប្រមាណជាង ៤ម៉ឺននាក់ ផ្ទេរទៅឱ្យស្ថិតនៅ ក្រោមការគ្រប់គ្រងជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមែនជាមន្ត្រីរបស់ក្រសួងស្ថាប័នណា មួយទេ។ ជាមន្ត្រីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង ការដឹកនាំរបស់ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់»។
ឯកឧត្តម ចាន់ សុធា បានបន្ថែមថា «ទាក់ទិនការផ្ទេរបុគ្គលិកនេះ យើងក៏ផ្ទេរសិទ្ធិអំណាចក្នុងការធ្វើ សេចក្តីសម្រេចចិត្តទៅឱ្យក្រុមប្រឹក្សា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ពីមុនមន្ត្រីទាំងអស់នេះ សុទ្ធតែជាមន្ត្រីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ជា អ្នកជ្រើសរើស ជាអ្នកតែងតាំង ជាអ្នកដំឡើងឋារន្តរស័ក្តិ ជាភារកិច្ចរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ពីមុនការកំណែទម្រង់នេះ។ សូម្បីតែតែងតាំងអនុប្រធានការិយាល័យមួយនៅថ្នាក់ស្រុក ក៏ត្រូវតែង តាំងដោយក្រសួងស្ថាប័ន ដោយរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន។ ប៉ុន្តែកំណែទម្រង់យើងនេះ មកដល់ ពេលនេះយើងបានផ្ទេរការសម្រេចចិត្តទៅឱ្យថ្នាក់ក្រោមជាតិហើយ ការតែងតាំងមន្ត្រីនៅក្នុងរដ្ឋបាល ខេត្ត គឺខេត្តជាអ្នកតែងតាំងដោយខ្លួនឯង ទៅថ្នាក់ក្រុង-ស្រុក គឺក្រុង-ស្រុក តែងតាំងដោយខ្លួនឯង។ ឥឡូវនេះ យើងឱ្យមិនត្រឹមតែតែងតាំងទេ តាំងពីការជ្រើសរើស ការបញ្ចូលក្របខណ្ឌ ការតែងតាំង ការផ្លាស់ប្តូរ ការដំឡើងឋានន្តរស័ក្តិ ការដកហូតមុខតំណែង ការបណ្តេញចេញពីក្របខណ្ឌ ការដាក់ ឱ្យចូលនិវត្តន៍ គឺប្រគល់កិច្ចការនេះ ការសម្រេចចិត្តទាំងអស់នេះទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ថ្នាក់ជាតិអត់អនុវត្តន៍សិទ្ធិអំណាចនេះទៀតទេ»។
បើតាម ឯកឧត្តម ចាន់ សុធា ដើម្បីជំរុញប្រសិទ្ធភាពការងារអភិវឌ្ឍនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាល មិន ត្រឹមតែផ្ទេរសិទ្ធិអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ តែក៏បានបង្កើនខ្ទង់ថវិកាសម្រាប់ ចំណាយផងដែរ។ មកដល់ពេលបច្ចុប្បន្នថវិកាជាមធ្យមប្រមាណ ១ពាន់លានដុល្លារត្រូវបានទម្លាក់ នៅថ្នាក់ក្រោមជាតិ។
ក្នុងនោះឃុំ សង្កាត់ទូទាំងប្រទេសទទួលបានថវិកាចំនួន ២០៧លានដុល្លារ, ក្រុង ស្រុក ទទួលបាន ថវិកាចំនួន ១៣៩ លានដុល្លារ និងរាជធានី ខេត្ត ទទួលបានថវិកាប្រមាណ ៦៩៧លានដុល្លារ៕