(ភ្នំពេញ)៖ លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ង៉ូវ ម៉ុក អាយុ៧២ឆ្នាំ នាយិកាក្រុមហ៊ុន (ហុង) អ៉ិនធើណេសសិនណល ទៅដាក់មណ្ឌលអប់រំកែប្រែ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
ការសម្រេចឃុំខ្កួននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីតំណាងអយ្យការបានបញ្ជូនដីកាសន្និដ្ឋានឲ្យស៉ើបសួរពីបទ «ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលមានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ ប្រព្រឹត្តនៅទីតាំងបារី ហុងអន្តរជាតិ ផ្លូវអង្គតាមិញ ភូមទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យឆែកឆេររោងចក្របារី ហុង អន្តរជាតិ ដោយបានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយមួយចំនួនធំ។
បើតាមការអះអាងរបស់សមត្ថកិច្ច ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្រាវជ្រាវ និងស៉ើបអង្កេត អស់រយៈពេលជាង១ឆ្នាំ។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងថា មានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយនៅកម្ពុជា ហើយនាយដ្ឋានបទល្មើសបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយៈពេលជាងមួយឆ្នាំ។
លុះនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ។ ក្រោយពីការពិនិត្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ប៊ិច។
សមត្ថកិច្ចបានបន្តថា ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះ ចេញមកស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយមួយចំនួនធំនៅក្នុងឃ្លាំង៕