កូរ៉េខាងជើងអះអាងថា អាវុធដែលត្រូវបានបាញ់សាកល្បងនោះ គឺជា «មីស៊ីលលឿនជាងសំឡេង»

 (សេអ៊ូល)៖  តាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ អោយដឹងថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែ មករា ឆ្នាំ២០២១ នេះថា អាវុធដែលទីក្រុងព្យុយ៉ាងទើបបានបាញ់សាកល្បង កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ គឺជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile) មួយគ្រាប់ ហើយ ការធ្វើតេស្តនោះ ក៏ទទួលបានជោគជ័យផងដែរ។ ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធ សប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវ បានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទ មីស៊ីលបាលីស្ទីកប៉ុណ្ណោះ។

សារព័ត៌មាន KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿន ជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ»។ KCNA ក៏បានបង្ហើបពី សមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ ដោយ។ នេះមិនមែនអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ដោយកាលពី​ខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី ១ នូវការធ្វើតេស្តមីស៊ីលលឿនជាង សំឡេង ដើម្បីបង្ហាញថា ខ្លួនក៏ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗលើលោកផងដែរ នៅក្នុងការអភិវឌ្ឍអាវុធដ៏អស្ចារ្យប្រភេទនេះ។

មិនដូចគ្រាប់មីស៊ីលបាលីស្ទីក (ballistic missile) ដែលត្រូវហោះទៅដល់រយៈកម្ពស់ខ្ពស់ រួចទើប ចុះមកវិញ ដើម្បីទម្លាក់ឲ្យចំគោលដៅនោះឡើយ, គ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) គឺអាចហោះបាននៅក្នុងរយៈកម្ពស់ទាប និងមានល្បឿនលឿនជាងល្បឿនសំឡេង រហូតដល់ទៅជាង ៥ដង ឬស្មើនឹង ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាជាប្រភេទអាវុធដែល ប្រទេសរុស្ស៊ី កំពុងនាំមុខគេនៅក្នុងការអភិវឌ្ឍ៕