(តូក្យូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ជុំវិញការធ្វើតេស្តគ្រាប់មីស៉ីលជាថ្មី ដែលត្រូវបានក្រុមជំនាញជឿ ជាក់ថា ជាប្រភេទមីស៊ីលបាលីស្ទីក (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) នោះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានលើកឡើងថា «វាជារឿងដែលគួរឲ្យសោកស្តាយ ជាទីបំផុត ដែលប្រទេសកូរ៉េខាងជើង នៅតែបន្តបាញ់តេស្តមីស៊ីលបន្ថែមទៀត គិតចាប់តាំងពី ឆ្នាំមុន»។ លោក Fumio Kishida បានលើកឡើងទៀតថា ការបាញ់តេស្តអាវុធជាថ្មីដោយកូរ៉េ ខាងជើង កាលពីព្រឹកថ្ងៃពុធនេះ គឺទំនងជាគ្រាប់មីស៊ីលបាលីស្ទីក ហើយក្រុមជំនាញនៃរដ្ឋាភិបាល ជប៉ុន កំពុងវិភាគទៅលើទិន្នន័យទាំងឡាយ ដែលខ្លួនទើបទទួលបាន អំពីការបាញ់សាកល្បងនេះ ក្នុងនោះរួមមានទាំងចំនួនគ្រាប់មីស៊ីល ដែលត្រូវបានបាញ់ចេញផងដែរ។
បន្ថែមពីនេះ នៅព្រឹកថ្ងៃពុធនេះឆ្នាំការពារដែនសមុទ្រជប៉ុន ក៏បានប្រកាសអំពីការប្រទះឃើញ អាវុធសង្ស័យជាគ្រាប់មីស៊ីលបាលីស្ទីក ត្រូវបានបាញ់ចេញពីកូរ៉េខាងជើងផងដែរ។ បន្ទាប់ពីការប្រទះឃើញនេះ ពួកគេបានចេញសេចក្តីណែនាំភ្លាមៗ ឲ្យកប៉ាល់នានាលើដែនសមុទ្រ មិនត្រូវធ្វើដំណើរទៅជិត វត្ថុគួរឲ្យសង្ស័យណាមួយនោះឡើយ។
ដោយឡែកបើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន ដែលតែងតែតាម ដានជាប់ជានិច្ច នូវសកម្មភាពកូរ៉េខាងជើងនោះ បានអះអាងថា អាវុធលើកនេះទំនងជាមីស៊ីលបាលី ស្ទីកមួយគ្រាប់ ហើយវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង រួចធ្លាក់ ចូលទៅក្នុងសមុទ្រ កាលពីវេលាម៉ោង ៨៖១០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)៕