មេកងជីវពលមួយនៅអ៉ីរ៉ាក់អះអាងថា ការសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ និងអនុប្រធានកងជីវពលនៅអ៉ីរ៉ាក់ គឺជាបុព្វហេតុជំរុញឲ្យកងទ័ពបរទេស ត្រូវដកចេញពីទឹកដីអ៉ីរ៉ាក់


 (បាកដាដ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២បញ្ជាក់ថា ប្រមុខកងជីវពលមួយនៅក្នុងប្រទេសអ៉ីរ៉ាក់ បាននិយាយថា ការវាយ ប្រហារដោយយន្ដហោះដ្រូន សម្លាប់មេបញ្ជាការយោធាអ៉ីរ៉ង់ លោក កាសិម សូឡៃមេនី (Qassem Soleimani) និងអនុប្រធានកងជីវពល ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) គឺលោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) គឺជាបុព្វហេតុមួយជំរុញឱ្យមានការដកកងទ័ព បរទេស ចេញពីប្រទេសមួយនេះ។

លោក ហ្វាលីហ៍ អាល់ ហ្វាយ៉ាដ (Falih al-Fayadh) ជាប្រមុខកងជីវពលអ៉ីរ៉ាក់ Hashd Shaabi បានធ្វើការអះអាងបែបនេះ នៅក្នុងបាតុកម្មវ៉ាមួយរបស់ក្រុមអ្នកគាំទ្រកងជីវពលរបស់លោក នៅ ឯអាកាសយានដ្ឋានក្នុងទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ លោក al-Fayadh បានបញ្ជាក់ថា ការធ្វើឃាតលោក Qassem Soleimani និងលោក Abu Mahdi al-Muhandis បានជំរុញឱ្យមានការទាមទារ ឱ្យកងទ័ពបរទេសដកចេញពីប្រទេសអ៊ីរ៉ាក់ ដោយមិន មានការពន្យារពេល។

បាតុកម្មតវ៉ាខាងលើ កើតមានឡើងនៅចំថ្ងៃរំលឹកខួប ២ឆ្នាំ នៃការវាយប្រហារដោយយន្ដហោះដ្រូន របស់សហរដ្ឋអាមេរិក លើក្បួនរថយន្ដរបស់លោក Soleimani និងលោក al-Muhandis នៅក្បែរ អាកាសយានដ្ឋានទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្រោយការវាយប្រហារដែលបានផ្ដាច់ជីវិតអ្នកទាំង ២នាក់នេះបាន ២ថ្ងៃ សភាជាតិអ៊ីរ៉ាក់ បាន អនុម័តដំណោះស្រាយមួយ ដោយតម្រូវឱ្យកងទ័ពបរទេស ដកចេញពីប្រទេសអ៊ីរ៉ាក់។

រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១, ទើបនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ កាឌីមី (Mustafa al-Kadhimi) បានទទួលស្គាល់ថា បេសកកម្មប្រយុទ្ធរបស់ក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានបិទបញ្ចប់ហើយ នៅក្រោយកងទ័ពប្រយុទ្ធបរទេសទាំងនេះ ត្រូវបានដកចេញពីប្រទេសអ៊ីរ៉ាក់៕