(បាកដាដ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២អោយដឹងថា សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ាក់ ត្រូវបានដកស្រង់នៅថ្ងៃចន្ទ នេះថា យន្តហោះដ្រូនមិនស្គាល់ប្រភពចំនួន ២គ្រឿង ត្រូវបានប្រព័ន្ធការពារដែនអាកាសអាមេរិក បាញ់កម្ទេចប្រកបដោយជោគជ័យ ដោយពួកវាត្រូវបានគេជឿជាក់ថា មានគោលដៅវាយប្រហារទៅ លើមូលដ្ឋាន វិចតូរី (Victory Base) ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់។
យោងតាមរូបភាពមួយចំនួន ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម គេបានឃើញកម្ទេចកម្ទី យន្តហោះដ្រូន ដែលត្រូវបានប្រព័ន្ធការពារដែនអាកាសអាមេរិក បាញ់ទម្លាក់ផងដែរ។ នៅលើស្លាបរបស់យន្តហោះដ្រូនទាំងពីរ ២គ្រឿងនោះមានសរសេរពាក្យ ដែលត្រូវបានបកប្រែថា «ការសងសឹកជូនមេដឹកនាំ» និង «ការសងសឹកជូនលោក សូឡៃមេនី (Soleimani)»។
សូមជម្រាបថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបពីរឆ្នាំគត់ នៃការស្លាប់របស់មេទ័ព កំពូលអ៊ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani) និងមេដឹកនាំកងជីវពលនៅប្រទេស អ៊ីរ៉ាក់ម្នាក់ទៀត។ ពួកគេបានស្លាប់ ដោយសារតែការវាយប្រហារពីសំណាក់ យន្តហោះដ្រូនរបស់ សហរដ្ឋអាមេរិក៕