ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តក្រើនរំលឹកថា «អាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ»


 (កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេ បញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានបន្តថ្លែងក្រើនរំលឹកដល់កង ទ័ពសាជាថ្មីថា «អាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ»។

ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀប សង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ គឺតែងស្រលាញ់ចង់បានសុខសន្តិភាពដូចគ្នាទាំងអស់ ដោយព្រមទាំង លះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផលមួយនេះ។ ដូចនេះ ជាទិសដៅអាទិភាពចំពោះ មុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែ រក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ទោះត្រូវបង់ តម្លៃណាក៏ដោយ»

«ក្នុងនោះផងដែរ កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ ដឹកនាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ, តំបន់ និងពិភពលោក។ កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែង បានយកចិត្តទុកដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និងជោគវាសនាជាតិ»។ នេះជាការបញ្ជាក់បន្ថែម ពីមេបញ្ជាការកងទ័ពជើងគោក។

បើតាមឯកឧត្តម ហ៊ុន ម៉ាណែត, ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាស្ថាបនិក, កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោ បាយ និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ជាដំណាក់កាលដ៏សុខសាន្តមួយ ដែលកើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាព សំដៅដល់បរិយាកាសគ្រប់ដណ្តប់ ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែលផ្តល់នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត, ទទួលបានការអប់រំ និងប្រកបរបររកទទួលទានដោយសេចក្តីសុខ, មាន ភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការភ័យខ្លាចអំពើអសន្តិសុខ និងសង្គ្រាម។

ឯកឧត្តម បន្តថា ទាំងនេះ គឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹង សុបិន្តចង់បានជាង ៥០០ឆ្នាំ មកហើយ។ ដូច្នេះ លោកជំរុញត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវ អំណោយ ពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ ឯក ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ, និងយោធិននៃបញ្ជាការដ្ឋានទ័ព ពិសេស និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ក្នុងការម្ចាស់ការអនុវត្ត ការងារហ្វឹកហ្វឺនបានជាប់ជា ប្រចាំ ដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវ និងសូមកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានតស៊ូព្យាយាមអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គប្រកប ដោយមោទនភាព៕