រាជរដ្ឋាភិបាលតែងតាំង ឯកឧត្តម កែវ រ៉េមី ជាតំណាងកម្ពុជាប្រចាំអាយឆា នៅឆ្នាំ២០២២


 (ភ្នំពេញ)៖  តាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលទទួលបាននៅព្រលប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិ ការសិទ្ធិមនុស្សកម្ពុជា ធ្វើជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៤ ហើយនៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាយឆាផងដែរ។

សូមបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights-AICHR) គឺជាយន្តការថ្នាក់តំបន់អាស៊ាន សំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឱ្យប្រជាជនគ្រប់រូបនៃ ប្រជាជាតិអាស៊ានរស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម។

តាមរយៈលិខិតបានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមលើគោលការណ៍ដូចខាងក្រោម៖

ទី១៖ ប្រគល់តួនាទីឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកលើកិច្ចការអាយឆាដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ានដើម្បីគ្រប់គ្រងឱ្យមានសង្គតភាពនៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ទី២៖ តែងតាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើជាតំណាងកម្ពុជា ប្រចាំអាយឆា ដោយហេតុថានៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងធ្វើជាប្រធានអាយឆា ដែលអាច មានបញ្ហារសើបខាងនយោបាយជាច្រើននឹងត្រូវលើកឡើងយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំ។

និងទី៣៖ អនុញ្ញាតឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែងនិងដឹកនាំកិច្ចប្រជុំចំនួន៦នៅពេលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមរួចហើយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងមក៕