(ប៉េកាំង)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១បាន ប្រាប់អោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះបានសង្កត់ធ្ងន់ពីកិច្ចខិត ខំប្រឹង ប្រែងក្នុងការអភិវឌ្ឍតាមទីជនបទ នៅទូទាំងប្រទេស បន្ទាប់ពីលោក ទទួលស្គាល់ថាកូរ៉េខាង ជើងបាន ប្រឈមមុខនឹងវិបត្តិស្បៀងអាហារកាលពីជាង ៦ខែមុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានបង្កើត ក៏ដូចជាដាក់ចេញយុទ្ធ សាស្ត្រអភិវឌ្ឍរយៈពេលវែង និងមធ្យម ដើម្បីសម្រេចឱ្យបាននូវ គោលដៅដែលបានកំណត់ក្នុងការ កសាង និងអភិវឌ្ឍតំបន់ជនបទ តាមជំហានវិទ្យាសាស្ត្រ និងបដិវត្តន៍។
គួរបញ្ជាក់ថា កិច្ចប្រជុំគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង រៀបចំឡើងក្នុងទីក្រុងព្យុងយ៉ាង បានឈានចូលថ្ងៃទី២ហើយ នៅថ្ងៃពុធនេះ។ កាលពីខែមិថុនាកន្លងទៅ លោក គីម ជុងអ៊ុន បានបញ្ជាក់ថាស្ថានភាពស្បៀងអាហារនៅក្នុងប្រទេស របស់លោកជួបបញ្ហា ដោយសារតែព្យុះទីហ្វុង កាលពី ឆ្នាំ២០២០ និងការឆ្លងរាតត្បាតនៃCOVID-19 នៅទូទាំងពិភពលោក ទោះបីជាទីក្រុងព្យុងយ៉ាងមិនទាន់បានរាយការណ៍ពីករណីឆ្លង សូម្បីតែមួយ ករណីក៏ដោយ៕