តុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសតារាល្បីឈ្មោះ «Paing Takhon» ដាក់ពន្ធនាគារ ៣ឆ្នាំ


 (រ៉ង់ហ្គូន)៖ យោងតាមប្រភពពីមេធាវីរបស់លោក Paing Takhon ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយ ដឹងថា លោក ផេង តាខុន (Paing Takhon) ដែលជាតារាសម្ដែង, តារាចម្រៀង និងជាតារាម៉ូឌែល ដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានតុលាការនៃរបបយោធា ផ្ដន្ទាទោសដាក់ពន្ធនា គារ ៣ឆ្នាំ។ លោក Paing Takhon មានអាយុ ២៥ឆ្នាំ ដែលជាតារាមានឈ្មោះបោះសំឡេងទាំង នៅមីយ៉ាន់ម៉ា និងប្រទេសថៃផងនោះ បានចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងការ ធ្វើរដ្ឋប្រហារយោធា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ពីអំណាច កាលពីខែកុម្ភៈកន្លងទៅនេះ។ Paing ត្រូវបានចាប់ខ្លួនកំឡុងប្រតិបត្តិការវាយឆ្មក់ចូលផ្ទះរបស់លោក ក្នុងទីក្រុងរ៉ង់ហ្គូន ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីខែមេសា។

លោក ឃីន មួង ម្យីនត៍ (Khin Maung Myint) ដែលជាមេធាវីម្នាក់របស់លោក Paing Takhon បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Takhon ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ ទោស «ដាក់ពន្ធនាគារ ៣ឆ្នាំ» និងតម្រូវឱ្យធ្វើពលកម្មកម្រិតធ្ងន់ផងដែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍ នេះ ខណៈគ្រួសាររបស់លោកមានការសោកស្ដាយ និងឈឺចាប់ជាខ្លាំង ចំពោះសាលក្រមកាត់ ទោសនេះ ហើយនឹងពិចារណាថាត្រូវប្ដឹងឧទ្ធរណ៍ ឬក៏យ៉ាងណា។

សូមបញ្ជាក់ថា លោក Paing Takhon គឺជាតារាម្នាក់នៅក្នុងចំណោមតារាមីយ៉ាន់ម៉ាប្រហែលជា ១២០នាក់ស្ថិតនៅក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនរបស់យោធាមីយ៉ាន់ម៉ា ដែលបានចោទប្រកាន់ពួកគេថា បានគាំទ្រ និងញុះញង់ឱ្យមានភាពចលាចល និងអំពើហិង្សាប្រឆាំងរដ្ឋអំណាច៕