ក្រសួងអប់រំ អោយដឹងថា ថ្ងៃទី១នៃការប្រឡងបាក់ឌុប បញ្ចប់ដោយរលូន និងផ្តល់ក្តីសង្ឃឹម ដល់បេក្ខជន, បេក្ខជនមួយចំនួនតូច មានបញ្ហាសុខភាព


 (ភ្នំពេញ)៖  ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ អោយដឹងថា ថ្ងៃដំបូងនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ចប់ដោយភាពរលូន ដែលជាកត្តាផ្តល់នូវសេចក្តីសង្ឃឹម ដល់បេក្ខជនប្រឡង។

ឯកឧត្តម រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅដំណើរការប្រឡងបាក់ឌុប នាថ្ងៃ២៧ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយភាពរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ក្តីសង្ឃឹមជូនបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ។ នៅតាមមណ្ឌលប្រឡងទាំង២០៤ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀប រយ។ បេក្ខជនប្រឡងបានគោរពបទបញ្ញត្តិប្រឡង និងបានអនុវត្តវិធានការសុខភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ»

ឯកឧត្តម បន្តថា បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូច មានបញ្ហាសុខភាពនៅក្នុង អំឡុងពេលដំណើរការសំណេរនាថ្ងៃដំបូងនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ នៅតាម មណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។

ឯកឧត្តម បន្តថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃនេះ មានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣,៧ %។ សម្រាប់ការប្រឡងនាថ្ងៃទី១នេះ ថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិ វិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមបានប្រឡង មុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

ដោយឡែក បេក្ខជនវិជ្ជមានកូវីដ-១៩ ជាកីឡាការិនីការ៉ាតេដូចំនួន០២នាក់ មានស្ថានភាពសុខ ភាពធម្មតា ក្នុងដំណើរការសំណេរថ្ងៃនេះ និងអាចបន្តការប្រឡងក្រោមការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

ក្រសួងអប់រំ យុវជន និងកីឡាសូមសំដែង នូវកត្តាញ្ញូតាធម៌ ជូនចំពោះក្រសួងមហាផ្ទៃ, ក្រសួង សុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានផ្តល់នូវកិច្ចសហការជិត ស្និទ្ធ ជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតា ដែលបានចូលរួមអនុវត្ត និងគាំទ្រ បទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

សូមបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពនាថ្ងៃស្អែកទី២៨ ខែធ្នូ ឆ្នាំ២០២១ និងគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុប ដើម្បីក្តីសង្ឃឹមរួម និងសុខសុវត្ថិភាពសម្រាប់ទាំង អស់គ្នា៕