តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាស សាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ទៅកាន់ខែមករា ឆ្នាំ២០២២

(រ៉ង់ហ្គូន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា តុលាការយោធាមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បាន ពន្យារពេលនៅថ្ងៃចន្ទនេះ ចំពោះការប្រកាសសាលក្រមផ្តន្ទាទោស អតីតមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពីបទចោទប្រកាន់ ចំនួន ០២ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះវិញ។

ពីដំបូងឡើយ តុលាការមីយ៉ាន់ម៉ាបានគ្រោងប្រកាសសាលក្រមផ្តន្ទាទោស លោកស្រី Aung San Suu Kyi នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់ លើការកាន់កាប់ដោយខុសច្បាប់នូវឧបករណ៍ វិទ្យុទាក់ទង ដែលជាបទចោទប្រកាន់ទី ២ ក្នុងចំណោមបទចោទប្រកាន់រាប់សិបករណីទៀត ប្រឆាំង នឹងរូបលោកស្រី ដោយសរុបចូលគ្នាអាចនាំឲ្យអតីតមេដឹកនាំ ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំរូបនេះ ជាប់ពន្ធនាគាររហូតដល់ជាង ១០០ឆ្នាំឯណោះ។ ប៉ុន្តែលោកស្រី Suu Kyi បានបដិសេធរាល់ការ ចោទប្រកាន់ទាំងអស់។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់លោកស្រី Aung San Suu Kyi បាននិយាយថា បទចោទប្រកាន់ ប្រឆាំងនឹងលោកស្រី គឺគ្មានមូលដ្ឋាន ហើយត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់នូវបញ្ហាប្រឈម ទាំងអស់ ដែលលោកស្រីបង្កឡើង ចំពោះការឡើងកាន់កាប់អំណាចរបស់យោធាប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ០២ឆ្នាំរួចទៅហើយ ដែលនាពេលឥឡូវនេះ លោកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួន នៅទីតាំងដែល មិនត្រូវបានបង្ហើបឱ្យដឹងឡើយ បន្ទាប់ពីត្រូវបានតុលាការរកឃើញថា លោកស្រីពិតជាមានទោស កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការប្រព្រឹត្តអំពើ ហិង្សា និងបំពានលើវិធានការទប់ស្កាត់ជំងឺ COVID-19៕