ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបញ្ជាក់ថា ការប្រឡងបាក់ឌុប ដែលរៀបចំដោយក្រសួងអប់រំ នៅឆ្នាំ២០២១នេះ គឺគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន។
ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា តម្លៃសញ្ញាបត្របាក់ឌុបឆ្នាំ២០២១នេះ គឺមានតម្លៃដូចគ្នានឹងសញ្ញា បត្រឆ្នាំប្រឡងមុនដែរ គឺមិនមែនជាសញ្ញាបត្រអន់ ឬជាសញ្ញាបត្រកូវីដនោះទេ។ សម្រាប់កម្រិត វិញ្ញាសាប្រឡង គឺមានស្តង់ដាដូចទៅនឹងវិញ្ញាសាឆ្នាំៗកន្លងទៅដែរ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនចង់បង្កើត ឲ្យសិស្សថ្នាក់ទី១២ ដែលប្រឡងឆ្នាំនេះ មានភាពតូចចិត្តថា គេបង្អាប់គាត់ថា សញ្ញាបត្រកូវីដឡើយ មិនចង់ឲ្យមានការរើសអើង ឬក៏អារម្មណ៍ថាឆ្នាំនេះ អត់ជាងឆ្នាំមុនៗជាដើម ដូច្នេះក្រសួងមានគោល ដៅថា ត្រូវតែបង្កលក្ខណៈឲ្យគាត់ ដោយសារតែគាត់ជួបប្រទះនូវបញ្ហាជីវភាព ទាំងការលំបាកលើការ រៀនសូត្ររួចមកហើយ ដូច្នេះបើមានបន្ទុកមួយទៀតគេបង្អាប់គាត់ថា សញ្ញាបត្រឆ្នាំនេះអន់ សញ្ញាបត្រ កូវីដ ធ្វើឲ្យសិស្សកាន់តែបាក់ទឹកចិត្ត យើងមិនចង់បង្កើតជាចិត្តសាស្ត្រមួយ ដើម្បីឲ្យគាត់បាក់ទឹកចិត្ត ទេ ដូច្នេះសញ្ញាបត្រឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ គឺជាសញ្ញាបត្រមួយដែលមានតម្លៃ គោរព ទៅតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន ដើម្បីកុំម្ចាស់ក្រុមហ៊ុនក្តី ឬសាលាដែលត្រូវជ្រើសរើស ក្នុងការរៀនបន្តក្តីមានការរើសអើង កុំឲ្យមាន អារម្មណ៍អន់ចិត្ត»។
ឯកឧត្តម បន្តថា បើទោះបីជាឆ្នាំនេះ មានការបិទសាលាដោយសារវិបត្តិជំងឺកូវីដ១៩ក្តី ក៏ក្រសួងអប់រំ ផ្តល់អាទិភាពខ្ពស់ ទៅដល់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឲ្យខិតខំរៀនសូត្រ រួមទាំងពេលបើកសាលារៀន ឡើងវិញផងដែរ ដែលធ្វើឲ្យពួកគាត់មានឱកាសច្រើនក្នុងការសិក្សា។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងសម្រុកចាក់វ៉ាក់សាំងជូនដល់គ្រូៗ សិស្សានុសិស្ស ស្ទើរតែ១០០ភាគរយ បានផ្តល់ឱ កាសឲ្យក្រសួងអាចរៀបចំដំណើរការប្រឡងបាក់ឌុបនៅពេលនេះ។ ហើយការប្រឡងនេះ ត្រូវគោ រពឲ្យម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ដើម្បីបង្ការនូវការរីករាលដាលនៃជំងឺកូវីដ១៩៕