(អង់តាណាណារីវ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា រដ្ឋមន្ត្រីម្នាក់នៃប្រទេសម៉ាដាហ្កាស្កា ស្ថិតក្នុងចំណោម អ្នកនៅរស់រានមានជីវិត ពីរនាក់ ដែលបានហែលទឹកប្រហែល ១២ម៉ោង ដើម្បីឆ្ពោះទៅកាន់ដីគោក កាលពីថ្ងៃអង្គារសប្ដាហ៍ នេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់លើផ្ទៃសមុទ្រ នៅក្បែរតំបន់ ឆ្នេរភាគឦសាន នៃប្រ ទេសអាហ្រ្វិកខាងកើតមួយនេះ។ ក្រុមប៉ូលិសនិងអាជ្ញាធរកំពង់ផែ បាន និយាយថា ការស្វែងរកនៅតែកំពុងបន្តសម្រាប់អ្នកដំណើរពីរនាក់ទៀត បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ ពួកគេ បានធ្លាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ មិន ទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។
ប្រធានអាជ្ញាធរកំពង់ផែ លោក ហ្សង់ អេដម៉ង់ រ៉ង់ឌ្រីយ៉ង់អង់ទេណៃណា (Jean-Edmond Randrianantenaina) បាននិយាយថា លោក សឺហ្កេ ហ្កេឡេ (Serge Gelle) ដែលជារដ្ឋមន្រ្តី ក្រសួងប៉ូលិស និងមន្រ្តីប៉ូលិសម្នាក់ទៀត បានហែលទឹកទៅដល់ទីក្រុងជាប់មាត់សមុទ្រ ម៉ាហាំបូ (Mahambo) ដោយឡែកពីគ្នា នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានលោត ចេញពី ឧទ្ធម្ភាគចក្រដែលធ្លាក់។ លោក Serge Gelle បាននិយាយថា «ពេលវេលាស្លាប់របស់ខ្ញុំ មិនទាន់ មកដល់នៅឡើយទេ»។
លោក Gelle បានក្លាយជារដ្ឋមន្ត្រី តាមរយៈការរុះរើគណៈរដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកបម្រើការក្នុងជួរប៉ូលិសអស់រយៈពេល ០៣ទសវត្សរ៍៕