(រតនគិរី)៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមជាមួយប្រធានគណៈបញ្ជាការឯកភាព ខេត្តរតនគិរី និងមន្រ្ដីពាក់ព័ន្ធជុំវិញខេត្តនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខ ទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម របស់ទីបញ្ជាការកងអនុសេនា តូចទី៣ កងអនុសេនាធំទី២ វរៈសេនាតូចការពារព្រំដែនលេខ០២ ស្ថិតក្នុងភូមិសាស្រ្តភូមិចង ឃុំ ញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្នុងឱកាសជួបសំណេះសំណាលទៅកាន់វីរៈកងទ័ពជាង៩០នាក់ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំការពារ បូរណទឹកដី ជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ប្រមុខ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាព សន្តិភាពល្អប្រសើរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងទាំងអស់ ត្រូវបន្ត ពង្រឹងការចេញល្បាតតាមភូមិ សាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែន ចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ច សហប្រតិបត្តិការល្អ ជាមួយភាគី មិត្ត តាមគ្រប់មូល ដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិការពារទឹកដីស្របតាមការកំណត់ របស់គណៈកម្មការកិច្ចការពារ ព្រំដែន ដែលបានបោះបង្គោលព្រំដែនរួចដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្ន ទៅវិញទៅ មក។ បន្ថែមពីនេះទៀត ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រី បរិស្ថានការពារ និងទប់ស្កាត់រាល់បទល្មើស នានា ដែលអាចកើតមានតាមព្រំដែន និងសូមឱ្យកង កម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធាន ការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍ របស់យើងគ្មានជំងឺកូវីដ-១៩។
ក្នុងឱកាសនេះដែរ ឯកឧត្តម ញ៉ែម សំអឿន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់ទីបញ្ជាការកង អនុសេនាតូចទី៣ កងអនុសេនាធំទី២ វរៈសេនាតូចការពារព្រំដែនលេខ០២ រួមមាន៖ អង្ករ៥០០គីឡូក្រាម, ទឹកត្រី២០យួរ, ត្រីខ២០យួរ, មី១០កេស, ទឹកស៊ីអ៊ីវ២០យួរ, ទឹក សុទ្ធ៤០យួរ ព្រមទាំងអាល់កុល៣កាន, ម៉ាស់ល្អ២កេស, អាវរងាចំនួន១០០ និងថវិកាចំនួន៥០០ ដុល្លារផងដែរ៕