(ពោធិ៍សាត់)៖ គ្រាប់ពូជត្នោត ចំនួន១០០,០០០គ្រាប់ ត្រូវបាន ឯកឧត្តម ជា សុផារ៉ា ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់តំណាងឱ្យដឹកមកប្រគល់ជូន រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ធ្វើការដាំឡើងវិញ តាមស្រុកគោលដៅទាំង៣ ដែលមានការទន្ទ្រាន ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ពិធីប្រគល់ទទួលគ្រាប់ពូជត្នោតខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅទល់មុខអគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា និងលោក ចេង ឡៃ អភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលា ខេត្ត, តំណាងសប្បុរសជន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
គ្រាប់ពូជត្នោត ទាំង១០០,០០០គ្រាប់ខាងលើនេះ ត្រូវបានបែងចែកយកទៅដាំ នៅស្រុកគោលដៅ ចំនួន៣ គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ដែលមានការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ បឹងទន្លេសាប (តំបន់៣) ដែលផ្ទៃដីទាំងនោះត្រូវបានដកហូតពីប្រជាពលរដ្ឋរំលោភ និងកាប់ទន្រ្ទាន ដោយខុសច្បាប់ នាពេលកន្លងមក។
ឯកឧត្តម ជាវ តាយ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ជា សុផារ៉ា ដែលបានផ្ដល់ជូនគ្រាប់ពូជត្នោតនេះ ដើម្បីរៀបចំដាំដុះស្តារឡើងវិញ។ ជាមួយគ្នានោះ ឯកឧត្តម បានបែងចែកគ្រាប់ពូជត្នោតទាំងអស់នោះ បន្តទៅស្រុកគោលដៅទាំង៣ និងចាត់ឱ្យក្រុម ការងារ រៀបចំបើកយុទ្ធនាការដាំឡើងវិញនូវគ្រាប់ពូជត្នោតនេះ ក៏ដូចជាឈើផ្សេងៗដ៏ទៃទៀត នៅក្នុងតំបន់៣ជាបន្តបន្ទាប់ទៀត៕