(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំម២០២១អោយដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍ នេះ បានស្នើយ៉ាងទទូចឲ្យប្រជាជនទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាន វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ទៅទទួលការចាក់ជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាតខ្លាំង នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
លោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «ប្រសិនបើអ្នក មិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងបង្ការពេញលេញ នោះអ្នកមានអ្នកផលល្អមួយហើយ ដែល ត្រូវដាក់ការព្រួយបារម្ភចំពោះខ្លួនឯង។ ជម្រើសរបស់អ្នកអាចខុសគ្នារវាងការរស់ និងស្លាប់»។
លោក ចូ បៃដិន ក៏បានបង្ហើបអំពីគម្រោងទិញឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 ចំនួន ៥០០ លានឈុតផងដែរ ដើម្បីផ្តល់ជូនប្រជាជនអាមេរិក ដែលស្នើសុំវាដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើម នៅខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ពេទ្យយោធាសរុប ១,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយគ្រប់ គ្រង នៅតាមមន្ទីរពេទ្យនានា ដែលកំពុងកកកុញដោយអ្នកជំងឺ៕