(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើក ឡើងថា កម្លាំងសេវាសង្គមដែលមានអភិវឌ្ឍល្អ គឺជាគន្លឹះសក្នុងការលើកកម្ពស់យុត្តិធម៌សង្គម កាត់ បន្ថយការរើសអើង ការប្រឆាំង និងការផ្លាស់ប្ដូរឥរិយាបទទាំងឡាយណាដែលមានគ្រោះថ្នាក់ ក្នុង ការការពារនិងឆ្លើយតប ចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ និងការបែកបាក់គ្រួសារដើម្បីសម្រេចបានសង្គមមួយដែល មានលក្ខណៈបរិយាប័ន្នសម្រាប់មនុស្សជាតិ ពិសេសក្រុមងាយរងគ្រោះ។
ការលើកឡើងរបស់ឯកឧត្តម វង សូត បានធ្វើឡើងខណៈលោកអញ្ជើញចូលរួមនៅក្នុងពិធីប្រកាស ផ្សព្វផ្សាយសៀវភៅ«ផែនការយុទ្ធសាស្រ្តសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥» រៀបចំធ្វើនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងសង្គមកិច្ច។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមថា ការដាក់ចេញផែនការយុទ្ធសាស្រ្តនេះ គឺគោលបំណងសំខាន់ ដើម្បី បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម ឱ្យមានចំណេះដឹងវិជ្ជាជីវៈ សមស្របទៅតាមតម្រូវការសង្គម។
ជុំវិញការដាក់ចេញ«ផែនការយុទ្ធសាស្រ្តសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥» លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើក ឡើងថា កម្លាំងសេវាសង្គមសព្វថ្ងៃ គឺនៅមានភាពខ្វះខាតនៅឡើយ គឺមានត្រឹមប្រមាណជាង ១០០០នាក់ប៉ុនណ្ណោះ។ ចំណុចនេះមានន័យថា កម្លាំងសេវាសង្គមម្នាក់ត្រូវធ្វើការដោះស្រាយ ជូនពលរដ្ឋចំនួន១ម៉ឺននាក់។
ឯកឧត្តម បន្តថា កត្តាខ្វះខាតកម្លាំងសេវាសង្គមនេះ ទើបមានការដាក់ចេញឱ្យមានផែនការយុទ្ធ សាស្រ្តនេះ ដើម្បីបណ្ដុះបណ្ដាល កម្លាំងសេវាសង្គម ទាំងអ្នកអាជីព អាជីពរង ឱ្យមានជំនាញ វិជ្ជាជីវៈត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ។
ក្នុងឱកាសដាក់ប្រកាសពិធីដដែលនេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិការប្រចាំប្រទេសនៃ អង្គការ UNICEF ប្រចាំកម្ពុជា ក៏បានកោតសសើរចំពោះក្រសួងសង្គមកិច្ច ក្នុងកិច្ចប្រឹងប្រែងដាក់ ចេញឱ្យមានផែនការយុទ្ធសាស្រ្តនេះ។
លោកស្រីបន្តថា ការវិនិយោគលើ កម្លាំងសេវាសង្គមនេះ គឺជាកិច្ចការចាំបាច់មួយ ជាពិសេសក្នុង កាលទេសៈដែល កម្ពុជាកំពុងខ្វះកម្លាំងសេវាសង្គមជាច្រើន។ លោកស្រីបន្តថា កម្លាំងសេវាសង្គម នឹងដើរតួនាទីសំខាន់ ក្នុងការការពារកុមារ និងការងារជាច្រើនដើម្បីផ្ដល់អត្ថប្រយោជន៍ជូនកុមារ៕