(ណៃពិដោ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថាមនុស្សយ៉ាងហោច៧០នាក់ កំពុងបាត់ខ្លួន និងម្នាក់បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីគ្រោះរលំបាក់ដី នៅទីតាំងជីករុករកត្បូងមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកជួយសង្រ្គោះបានប្រាប់ដូច្នេះថា «មនុស្សចន្លោះប្រហែល៧០-១០០ នាក់ កំពុងតែបាត់ខ្លួន ក្នុងករណីគ្រោះបំណាក់ដី ដែលបានកើតឡើង កាលពីវេលាម៉ោងខ្ទង់ ៤ទាបភ្លឺ ថ្ងៃពុធនេះ នៅឯអណ្តូងរ៉ែត្បូងនៅតំបន់ ផាកាន់ (Hpakant) ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើង ប្រទេស»។ ពួកគេបានបញ្ជូនមនុស្ស២៥នាក់ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ និងរកឃើញអ្នក ស្លាប់ម្នាក់ ខណៈប្រតិបត្តិការរុករក កំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្ម។
សូមជម្រាបថា គ្រោះរលំបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ដទៃទៀត តែងកើតមានឡើងជារឿយៗ នៅកន្លែងជីករុករកត្បូងក្នុងតំបន់ Hpakant ដែលជាកន្លែងអាជីវកម្មរុករកត្បួងថ្លើមថ្មធំជាងគេរបស់ ប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋកាឈីន។ កាលពីខែកក្កដា ឆ្នាំ២០២០ មនុស្សរហូតដល់ជាង១៧០នាក់ ដែលភាគច្រើនជាជនចំណាកស្រុក បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់បំផុតមួយប្រចាំតំបន់ Hpakant ដោយសារគ្រោះរលំបាក់ដីដូចគ្នា៕