(ហ្សេរុយសាឡឹម)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹក ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ គឺអ៊ីស្រាអែលនៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងផ្តល់ ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសទី៤» ជូនដល់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។
ក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល បានផ្តល់អនុសាសន៍ឱ្យផ្ដល់ការចាក់វ៉ាក់សាំង បង្ការ COVID-19 «ដូសទី៤» ដែលជាការសម្រេចចិត្តមួយ ត្រូវបានស្វាគមន៍យ៉ាងឆាប់រហ័សដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) ថា ជា «ព័ត៌មានដ៏ អស្ចារ្យ ដែលនឹងជួយយើងយកឈ្នះលើ រលកឆ្លងនៃវីរុសបំប្លែងថ្មី Omicron ដែលកំពុងឆ្លងរីករាល ដាលយ៉ាងឆាប់រហ័ស នៅជុំវិញពិភពលោក»។
ទោះបីជាការសម្រេចចិត្តនេះ កំពុងរង់ចាំការអនុម័តជាផ្លូវការ ពីក្រុមមន្ត្រីសុខាភិបាលជាន់ខ្ពស់ក៏ ដោយ លោក Naftali Bennett បានជំរុញប្រជាជនអ៊ីស្រាអែល ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយថា «សាររបស់ខ្ញុំគឺ កុំខ្ជះខ្ជាយពេលវេលា… សូមទៅទទួលការចាក់វ៉ាក់សាំង»៕