កម្ពុជា-វៀតណាម គាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរ សាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC

 (ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម បានបង្ហាញការគាំទ្រ អាស៊ាន និងចិន ក្នុងការរៀប ចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខា លើ DOC។ នេះបើតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ច ផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា។

ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ នាថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២១នេះ។ សេចក្តីថ្លែងការណ៍រួម ដែលទទួលបាន បញ្ជាក់ឱ្យដឹងថា៖ «ភាគីទាំងពីរក៏បាន គាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC ផងដែរ»។

បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំរវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀត ណាម។ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំងនៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈអាស៊ាន និងមជ្ឈដ្ឋានអន្តរជាតិ បានអំពាវនាវឱ្យប្រទេសជម្លោះទាំងអស់ រក្សាភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

ជាមួយនឹងការខិតខំចូលរួមដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជា ប្រធានអាស៊ានលើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តា ភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ DOC គឺជាក្រមប្រតិបត្តិមួយ តាក់តែងឡើងកំណត់ឲ្យ ប្រទេស ដែលមានជម្លោះ ក្នុងលំហសមុទ្រចិនខាងត្បូង រួមមានប្រទេសចិន និងប្រទេសសមាជិក អាស៊ានមានដូចជា វៀតណាម ហ្វីលីពិន សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី…ដោះស្រាយគ្នា ដោយសន្តិ វិធី និងគោរពតាមច្បាប់សមុទ្រអន្តរជាតិជាដើម។

ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនេះ ភាគីបានបញ្ជាក់ជាថ្មីនូវជំហររួមរបស់ អាស៊ានចំពោះសារសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង លើកកម្ពស់ កិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការ អនុវត្តស្វ័យអត់ធ្មត់ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិ វិធីស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ធានានូវការអនុវត្ត ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) ដោយធ្វើការឆ្ពោះទៅរកការបញ្ចប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងពិតប្រាកដ ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងសហការយ៉ាងជិតស្និទ្ធ ក្នុងក្របខណ្ឌពហុភាគី ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម សកល និងក្នុងតំបន់ ព្រមទាំងក្នុងក្របខ័ណ្ឌអនុតំបន់ រួមទាំងយន្តការកិច្ចសហប្រតិបត្តិការមេគង្គ ដើម្បីធានាការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានទឹកទន្លេមេគង្គ៕