ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩


ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ។

  ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសជម្រុញ ជូនប្រជាពលរដ្ឋចំនួន ៣ទីតាំង លើ ១០ទីតាំងក្នុងខេត្តព្រះសីហនុ មានដូចជា៖ នៅសាលាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាក់ដោយ ក្រុមគ្រូពេទ្យកងពលតូច ង៧០។ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ចាក់ដោយក្រុមគ្រូពេទ្យកងកិត្តិយសត្រែទ័ព និងនៅបរិវេណវត្តស្មាច់ដែង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ចាក់ដោយក្រុមគ្រូពេទ្យកងទ័ពជើងទឹក ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងការចូលរួមពីក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ និងការសម្របសម្រួលដោយមន្ត្រីនៃមន្ទីរការងារ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានចុះជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបន្តចាក់ដូសជម្រុញជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់គ្នា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងធ្វើឱ្យកម្ពុជាបានប្រកាសបើកសេដ្ឋកិច្ចសង្គម និងបើកប្រទេសឡើងវិញ។

ឯកឧត្ដមបានបន្ថែមថា បងប្អូនបានឃើញហើយនូវអ្វីដែលជាសកម្មភាពនៃការយកចិត្តទុកដាក់របស់សម្ដេចតេជោ ដើម្បីបុព្វហេតុនៃការការពារសុខមាលភាពសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលសម្ដេចបានប្រឹងប្រែងតាំងពីការដាក់ចេញនូវវិធានការនានា ការដោះស្រាយបញ្ហាប្រឈម ការងារសង្គមកិច្ច ការងារប្រតិបត្តិការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងកិច្ចការដែលមានសារៈសំខាន់បំផុតនោះគឺការ ស្វែងរកវ៉ាក់សាំង និងចាត់ចែងវិធានការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ មកដល់បច្ចុប្បន្ននេះបើទោះបីជាកម្ពុជា ជាប្រទេសដែលទើបឆ្លងកាត់ដំណាក់កាលក្រីក្រ និងជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ទាបក៏ដោយ ប៉ុន្តែចំពោះការដោះស្រាយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ កម្ពុជាបានដើរមុនគេ អាចថាជាប្រទេសដែលមានកម្រិតនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន បានល្អ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែទោះបីព្រឹត្តិការណ៍នេះត្រូវបានបិទបញ្ចប់ ក៏កិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយមន្ត្រីរាជការពិសេសក្រុមគ្រូពេទ្យនៅតែបន្តបេសកកម្មទៅមុខទៀត ដែលនេះគឺជាការទទួលខុសត្រូវដ៏ពិតប្រាកដរបស់សម្តេចតេជោ នៅក្នុងបុព្វហេតុនៃការការពារសុខមាលភាពជូនដល់ប្រជាពលរដ្ឋ ជនរួមជាតិកម្ពុជារបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមេត្តាមកចូលរួមទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីបង្កើតភាពសុំាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដឱ្យបានគ្រប់គ្នាៗ ហើយក្រុមគ្រូពេទ្យរបស់យើង មានកងទ័ព ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល យោធាខេត្តបន្តចាក់វ៉ាក់សាំងដូសទី៣ ដោយឥតគិតថ្លៃ និងចូលរួមអនុវត្ត៣.ការពារ ៣.កុំ គម្លាតសុវត្ថិភាព ការចូលរួមរបស់បងប្អូន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបានពិតប្រាកដទាំងអស់គ្នា។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងនោះ ក្រុងព្រះសីហនុ មាន ២ទីតាំង ១.សាលាបច្ចេកទេសដុនបូស្កូ ២.សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា ជប៉ុន ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ស្រុកព្រៃនប់មាន ៨ទីតាំង វត្តស្មាច់ដែង (ឃុំរាម) វត្តអូរចំណារ (ឃុំឧកញ៉ាហេង) វត្តវាលមាស (ឃុំវាលរេញ)  វត្តសុវណ្ណគង្គារ (ឃុំសាមគ្គី) វត្តសារាយអណ្ដែត (ឃុំជើងគោ) វត្តសុវណ្ណគីរីវ័ន្ត (ឃុំតានៃ) តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ឃុំបិត្រាំង) តំបន់សេដ្ឋកិច្ចពិសេសចេជាង(ឃុំជើងគោ) ។ ស្រុកកំពង់សីលាមាន ៤ទីតាំង វត្តស្ទឹងឆាយ (ឃុំស្ទឹងឆាយ) វត្តភ្នំក្អោង (ឃុំចំការហ្លួង) វត្តឧត្តមមុនី្នវង្សកំពង់សីលា (ឃុំកំពង់សីលា) និងវត្តសំរោងប្រសិទ្ធិវង្ស (ឃុំអូរបាក់រទេះ)៕ ដោយ មុន្នីដាន