ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ដំបូង ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា


 (ភ្នំពេញ)៖ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា និងជាតំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បី ប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ដំបូង ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ គឺមានររយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយមាន ការគាំទ្រពី USAID តាមរយៈអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ។

លោកជំទាវ ខៀវ បូរី បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌអន្តរជាតិស្តីពី «ការលើក កម្ពស់សិទ្ធិ និងកិច្ចការពារកុមារ» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិ កុមារនៅឆ្នាំ១៩៩២ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ ពិធីសារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុ អប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ស្តីពីការហាមប្រាម និង សកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារនិងសហប្រតិបត្តិ ការទាក់ទងនឹងស្មុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧។

អនុលោមតាមច្បាប់អន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងដោះស្រាយប្រកប ដោយប្រសិទ្ធភាពលើវិស័យសុខុមាលភាពកុមារ តាមរយៈការដាក់ចេញឱ្យ អនុវត្តនូវច្បាប់ គោល នយោបាយ និងផែនការសកម្មភាពជាតិនានាដូចជា ក្របខ័ណ្ឌ គោល នយោបាយ ជាតិគាំពារសង្គម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ច ការពារកុមារ ២០១៩-២០២៩ ច្បាប់ស្តី ពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។  បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់ សេវាដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាល ថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយសុទិដ្ឋិនិយម។ យោងតាមផែនការសកម្មភាពដែលបានគ្រោងទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា នឹងត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនេះ មាន រយៈពេល ៣៦ខែ ពោលគឺ រយៈពេល០៣ឆ្នាំ។

លោកជំទាវ ខៀវ បូរី បានបន្ថែមថា ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការរៀបចំច្បាប់ នេះ មានការយឺតយ៉ាវខុសពីការរំពឹងទុក។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការជាមួយ ក្រុមការងារបច្ចេកទេសអន្តរក្រសួង និង អ្នកពាក់ព័ន្ធទាំង ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីកសាងសេចក្តីព្រាងច្បាប់នេះ ឱ្យសម្រេច បានតាមការរំពឹងទុក៕