ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាម ដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យចាស់ ពិសេសស្ថានភាពកូវីដ-១៩ រដូវត្រជាក់ នេះ


 (បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពិសេសលោកតា លោកយាយ ជាមនុស្ស ដែលមានវ័យចំណាស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន ៥៦៧នាក់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈ កម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុង ខេត្តបន្ទាយមានជ័យទាំងអស់។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរពីសុខទុក្ខ អាយុជិវិត ប្រជាពលរដ្ឋតាមរយ:ការដាក់ ឱ្យប្រើប្រាស់នូវគោល នយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ ដ៏មានសារ:សំខាន់សំ ដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គមលើកកម្ពស់ គុណភាព ជីវិតរបស់មនុស្សចាស់ ការយកចិត្តទុកដាក់ ធានាសុខុមាលភាពដល់មនុស្សចាស់ប្រកបដោយ សង្គតិភាពទៅនឹងស្ថានភាព វិវឌ្ឍន៍នៃសង្គមជាតិ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ និងសូមបន្តតាមដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យ ចាស់ ពិសេសស្ថានភាពកូវីដ-១៩ រដូវត្រជាក់នេះ និងសូមបន្តចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅ ជាពលរដ្ឋល្អមិនទៅពាក់ព័ន្ធនឹងអំពើអបាយមុខផ្សេងៗពិសេសបញ្ហាគ្រឿងញៀនដែលបំផ្លាញអនាគតកូនចៅយើងនិងការអភិវឌ្ឍសហគមន៍។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានពាំនាំអំណោយរបស់ក្នុងកម្មវិធី ជួបសំណេះសំណាលជាមួយមនុស្សវ័យចាស់ស្ថិតនៅស្រុកភ្នំស្រុក ដោយប្រជាពលរដ្ឋចូលរួមទាំង អស់ក្នុងម្នាក់ៗទទួលបានអំណោយ ឃីត១កព្ចាប់រួមមាន៖ អាវរងា១ ភួយ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប់ ស្កសរ១គីឡូក្រាម អំបិល១កព្ចាប់ ទឹកដោះគោ១កប៉ុង និងថវិកា២ម៉ឺនរៀល។

នៅព្រឹកថ្ងៃដដែលនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមារងារបានបន្តដំណើរចុះទៅ វិទ្យាល័យភ្នំស្រុក ដោយបានផ្តល់អំណោយនឹងរៀបចំបណ្ណាល័យប្រឆាំងគ្រឿងញៀន ឧបការណ៍ សម្រាប់លាងដៃ សិស្ស និងចែកអំណោយជាថវិកាដល់លោកគ្រូអ្នកគ្រូ៦៤នាក់ ក្នុងម្នាក់ៗ ទទួល បានថវិក២ម៉ឺនរៀលផងដែរ៕