សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមាន ទំហំធំ ដើម្បីផ្ទេរអ្នកជំងឺចេញពីអគារឯកជន ក្រោយស្ថានភាពធូរស្រាល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សិក្សាលទ្ធភាពក្នុងការ សាងសង់មជ្ឈមណ្ឌលធំមួយ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលត្រូវផ្ទេរចេញពីអគារឯកជននៅ ចុងឆ្នាំ២០២២ ខាងមុខនេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ធ្លាក់ចុះ នៅទូទាំងប្រទេស ហើយទីក្រុងភ្នំពេញ បានបិទមណ្ឌលព្យាបាលមួយចំនួន និងប្រគល់មណ្ឌលព្យាបាលទាំងនោះ ទៅឱ្យវិស័យឯកជនវិញ ដើម្បីឱ្យវិស័យឯកជន គេរៀបចំអាពាហ៍ពិពាហ៍។

សម្តេចបានបញ្ជាក់ថា «យើងអាចនឹងធ្វើមជ្ឈមណ្ឌលព្យាបាលកូវីដមួយ រួចហើយផ្ទេរអ្នកជំងឺចេញ ប្រគល់ស្តាតដើម្បីនឹងហ្វឹកហាត់បម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣»។ សម្តេចបានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ អាចនឹងផ្ទេរចេញ ហើយត្រូវចំណាយលុយមួយចំនួន បើតាមសម្តេចតេជោ នាយករដ្ឋមន្រ្តី, មជ្ឈមណ្ឌលនោះមានទំហំធំ ដែលអាចដាក់មនុស្សមនុស្សបានរាប់ម៉ឺននាក់ ហើយ នឹងមានគ្រែសង្គ្រោះបន្ទាន់ រាប់រយផងដែរ៕