(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បាន ណែនាំមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបក្សរឹងមាំ និងរួមដៃគ្នា ក្នុងការ បម្រើប្រទេសជាតិ និងប្រជាជន ដោយស្មោះត្រង់ ហើយផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា ក៏ដូចជាបន្តជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសត្រូវចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់មិនឱ្យឆ្លងនូវជំងឺកូវីដ-១៩។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីធ្វើការបូកសរុបការងារគណបក្ស និងរៀបចំផែន ការងាររួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តកណ្តាលបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងពេលកន្លងមក ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាជន នៅក្នុងមូលដ្ឋាន និងការធ្វើសកម្មភាពសង្គម និងមនុស្សធម៌ផ្សេងៗ ដូចជាការជួយឧបត្ថម្ភដល់ប្រជា ពលរដ្ឋក្រីក្រ ដែលខ្វះខាតជីវភាព និងងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ នៅក្នុងមូលដ្ឋានឃុំទាំង ០៧ ក្នុងស្រុកមុខកំពូល។
អង្គប្រជុំក៏បានធ្វើការពិនិត្យពិភាក្សាលើបញ្ជីផ្គូរផ្គងបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំអាណិត្តិទី៥ ឆ្នាំ២០២២ ស្របតាមការណែនាំរបស់គណៈកម្មាធិការកណ្តាល។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ ការណែនាំដល់ក្រុមការងារគណបក្សឃុំគ្រប់ឃុំ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកបក្សក្នុងប្រព័ន្ធទិន្នន័យកុំព្យួរទ័រ និងខិតខំជំរុញសមាជិកបក្សគ្រប់អាយុ ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត ក៏ដូចជាការពិនិត្យលើ សមាជិកថ្មីដែលទើបស្នើសុំចូលគណបក្ស រួចរៀបចំពិធីប្រកាសបញ្ចូលជាសមាជិកបក្ស និងចងក្រង ជាក្រុមបក្ស។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនីមួយៗ ធ្វើការពិនិត្យ ពិភាក្សាឱ្យបានស៊ីជម្រៅជាមួយគណបក្សនៅថ្នាក់មូលដ្ឋានគ្រប់ថ្នាក់ ដើម្បីធ្វើការស្ទៀបស្ទង់ និង វាយតម្លៃឱ្យបានច្បាស់លាស់ អំពីតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិនីមួយៗ ដើម្បី អាចរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឱ្យចំទៅនឹងតម្រូវការជាក់ស្តែង និងអាទិភាពខ្ពស់ របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំគោល នយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២-២០២៧។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំដល់មន្រ្តីគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នីមួយៗនៃស្រុកមុខកំពូល សូមបន្តអនុវត្តផែនការសកម្មភាពការងារ សម្រាប់ឈានឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ តាមការសេចក្តីសម្រេចរបស់គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏ដូចជាផែនការសកម្មភាពរបស់គណបក្សខេត្ត កណ្តាល ផ្អែកតាមស្មារតីនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នាថ្ងៃនេះ ឱ្យមានប្រសិទ្ធភាព និងទាន់ពេល វេលា៕