លោក ចូ បៃដិន ដាក់ចេញនូវវិធានការទប់ទល់ «អូមីក្រុង» ខណៈរដ្ឋចំនួនបីនៅអាមេរិក រកឃើញករណី «វិជ្ជមាន» មេរោគបំប្លែងថ្មីនេះ


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់ ចេញនូវវិធានការថ្មីៗ ដើម្បីទប់ទល់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បន្ទាប់ពីករណីវិជ្ជមានទី ២ នៃមេរោគបំប្លែងថ្មីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋ មីណេសូតា (Minnesota)។

ក្រោយការប្រកាសរបស់លោក ចូ បៃដិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ អភិបាលរដ្ឋ ញូយ៉ក (New York) លោកស្រី ខេធី ហូខុល (Kathy Hochul) បានប្រកាសថា ករណីវិជ្ជមាននៃវីរុសបំប្លែងថ្មី Omicron រហូតដល់់ទៅ ៥ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋរបស់លោកស្រី។ ដូច្នេះបច្ចុប្បន្ននេះ រដ្ឋចំនួន ៣ ហើយនៅសហរដ្ឋអាមេរិកដូចជា កាលីហ្វ័រញ៉ា មីណេសូតា និង ញូយ៉ក បានបញ្ជាក់វត្តមាននៃវីរុស បំប្លែងថ្មី ដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូងមួយនេះ។

លោក ចូ បៃដិន បានថ្លែងចេញពីវិទ្យាស្ថានសុខាភិបាលជាតិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «វាគឺជាដំបូន្មានរួមបានមកពីអ្នកទាំងអស់គ្នា ទើបយើងអាចបង្កើត ផែនការនេះឡើង ហើយវានឹងមិនមានការផ្អាក ឬបិទខ្ទប់ (lockdown) អ្វីនោះឡើយ ប៉ុន្តែយើងត្រូវ ពង្រីកការចាក់វ៉ាក់សាំង និងដូសជំរុញ ហើយនឹងបង្កើនការធ្វើតេស្ត ព្រមទាំងអ្វីៗជាច្រើនទៀត…»

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានសង្កត់ធ្ងន់បន្ថែមទៀតថា «វិធានការ នេះ នឹង អនុញ្ញាត ឱ្យ សាលារៀន និង អាជីវកម្ម នានានៅ តែ អាចបន្តបើកទ្វារដដែល ស្របពេលនៃការបង្កើនវិធានការ រក្សា សុវត្ថិភាព សម្រាប់ប្រជាជន អាមេរិកទូទៅ។ យើងនឹងប្រយុទ្ធជាមួយមេរោគបំប្លែងថ្មីនេះ ដោយ ប្រើប្រាស់វិទ្យាសាស្ត្រ និងភាពរហ័សរហួន… មិនមែនដោយភាពវឹកវរ និងការភាន់ច្រឡំនោះទេ»