(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបឱ្យដឹងថា កម្ពុជាគ្រោង នឹងអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ច ហើយសម្តេចក៏បានត្រៀមខ្លួន ដើម្បីទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
ការបង្ហើបរបស់សម្តេចតេជោ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និង ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «នៅថ្ងៃទី០៦-០៧ ប៉ុន្មានថ្ងៃខាងមុខនេះ នឹងអញ្ជើញ រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយពេលនោះខ្ញុំនឹងជជែក ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើ ដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយមិនដាក់លក្ខខណ្ឌទុកជាមុន ទៅក្នុងរូបភាពនាយករដ្ឋមន្រ្តីកម្ពុជា»។
មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយ រយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បាន ធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងស៊ីសនៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។
កាលពីម្សិលមិញ ក្នុងការជជែកជាមួយនាយករដ្ឋមន្រ្តីជប៉ុន ហើយនិងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី សម្តេចបានលើកឡើងថា ចំណុចកុងសង់ស៊ីសជា បញ្ហាចោទរបស់អាស៊ាន។
សម្តេចថ្លែងថា «តើយើងគួរទុកស្ថានភាពអាស៊ាន៩ ឬអាស៊ាន១០ ព្រោះកន្លងទៅប្រជុំអាស៊ានមានតែ ៩ប្រទេស នេះជាចំណោទបញ្ហា តើយើងសុខចិត្តបំផ្លាញផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តដៃគូទេ?»។
សម្តេចលើកឡើងថា ធម្មនុញ្ញអាស៊ាន អត់អនុញ្ញាតឱ្យមានការដេញសមាជិកណាមួយចេញទេ។ សម្តេចបានចាត់ទុកថា នេះជាកាបង្ហើបអំពីការគិតគូររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ានសម្តេច ថ្លែងថា «បើផ្ទះខ្លួនឯងរៀបចំមិនបាន ម៉េចនឹងហៅថា សាមគ្គីភាពអាស៊ាន មជ្ឈភាពអាស៊ាន»៕