សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនល្អឡើងវិញ ទោះបីមានវីរុស បំប្លែងថ្មីអូមីក្រុង ខណៈចំណូលជាតិមាននិន្នាការកើនឡើង


នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាស អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹក កខ្វក់ តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនូវ ការជឿជាក់ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនល្អឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បើក ប្រទេសពេញលេញឡើងវិញ ធ្វើឲ្យចំ ណូលជាតិមានការកើនឡើង នៅខែវិច្ឆិកាកន្លងមកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ចំណូលខែវិច្ឆិកាកន្លង ទៅមានការកើនឡើង ប្រៀបធៀបទៅនឹងខែមុនៗ ហើយខ្ញុំជឿថា ការកើនឡើងនេះ នឹងមានបន្តអត់ថយទេ។ កំណើនសេដ្ឋកិច្ចរបស់យើងនឹងហក់ឡើង បើទោះបីជាមានអូមីក្រុង (វីរុសបំប្លែងថ្មី) ក៏ដោយ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលសេដ្ឋកិច្ចមានការកើនឡើងវិញ រាជរដ្ឋាភិបាល មានលទ្ធភាពនឹងសន្សំប្រាក់ដើម្បីវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅតាមបណ្តារាជធានី-ខេត្ត ដូចទៅនឹងខេត្តព្រះសីហនុដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រមាណ២ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាចំណាយថវិកាដែលបានសន្សំយកទៅដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ និងស្តារ សេដ្ឋកិច្ចចំនួន២៣០០លានដុល្លារអាមេរិក។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការភ័យស្លន់ស្លោជាមួយនឹង វីវុសបំប្លែងថ្មី អូមីក្រុង រហូតដល់ធ្វើឲ្យបាត់ម្ចាស់ការ ឬក្លាយទៅជាសម្ពាធផ្នែកសតិអារម្មណ៍។ អ្វីដែលត្រូវចាំបាច់ធ្វើ គឺការអនុវត្តឲ្យបានល្អ នូវវិធានការណ៍សុខាភិបាល។

សូមជម្រាបថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលព្យាករណ៍ថា នឹងមានកំណើនក្នុង ២.៤ភាគរយ ក្នុងឆ្នាំ២០២១នេះ ខណៈនៅឆ្នាំក្រោយ អាចសម្រេចក្នុងរង្វន់ ៤.៨ភាគរយ ហើយ ផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (ផសស) រំពឹងថាកើនឡើងដល់១៨៤២ដុល្លារ ធៀបនឹង ១៧៣០ដុល្លារក្នុងឆ្នាំ២០២១៕