(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី CARMEN MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយគាំ ទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ បច្ចុប្បន្ន ក៏ដូចជាការគាំទ្រចំពោះកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា, អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យ ចម្បងៗ ជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងកំពុងជំរុញដាក់ឲ្យអនុវត្តនាពេលឆាប់ៗខាងមុខ នេះនូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ដែលឈរលើសសរស្តម្ភបី (ហៅថា 3Rs) គឺ៖ សសរស្តម្ភទី១ «ការស្តារ (Recovery)», សម្រាប់ស្តារឡើងវិញនូវវិស័យដែល ទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ១៩, សសរស្តម្ភទី ២ «ការកែទម្រង់ (Reforms)», កែទម្រង់គ្រប់ផ្នែក គ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគ និងសសរស្តម្ភទី ៣ «ការកសាងភាព ធន់ (Resiliency)» ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ជាដើម។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរ ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈគឺជា «ឆ្អឹងខ្នង» ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន ។
សម្រាប់ជំហានបន្ទាប់, សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយលោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបបន្ថែមថា ក្របខណ្ឌលទ្ធផលនៃកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥតសំណងថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្តោតលើ សមាសធាតុគន្លឹះនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖ ការពង្រឹងការកៀរគរចំណូលក្នុងស្រុក, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ, ការគ្រប់គ្រងវិនិយោគសាធារណៈ ផ្សារ ភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាពលទ្ធកម្មសាធារណៈ ។
ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំ ពោះសហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក ពិសេសគាំទ្រ ទាំងជាជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់ អាទិភាព ដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងយុទ្ធសាស្រ្តស្នូលនៃកម្មវិធីកែទម្រង់ ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។
ជាមួយគ្នានេះ, ដើម្បីឱ្យការរៀបចំក្របខណ្ឌលទ្ធផល សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥត សំណងថ្មីនេះ បានឆាប់រហ័ស អគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំង ពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការរួមគ្នាឲ្យបានឆាប់៕