លោក ចូ បៃដិន ថ្លែងថា ប្រទេសនានាគួរយកគំរូនៃចិត្តសប្បុរសតាមសហរដ្ឋអាមេរិក ដោយបង្កើន ការបរិច្ចាគវ៉ាក់សាំងនោះទើបជំងឺរាតត្បាតសកលអាចបញ្ចប់

 (អាមេរិក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថាប្រទេសនានាគួរតែយកចិត្តសប្បុរសនៃសហរដ្ឋអាមេរិកធ្វើជាគំរូ ហើយបង្កើនការបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ពិភពលោក នោះទើបជំងឺរាតត្បាត សកលនេះ អាចឈានទៅរកទីបញ្ចប់។

លោក ចូ បៃដិន បានថ្លែងពេលទៅដល់កោះណាន់ថាក់កេត (Nantucket) នៃរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) យ៉ាងដូច្នេះថា «ជំងឺរាតត្បាតនេះនឹងមិនបញ្ចប់ទេ រហូតទាល់តែយើងមានការ ចាក់វ៉ាក់សាំងជាសកល»។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវឲ្យប្រទេសនានាលើក លែង «កម្មសិទ្ធិបញ្ញា» ផងដែរដើម្បីអនុញ្ញាតឲ្យវ៉ាក់សាំង បង្ការ COVID-19 អាចត្រូវបានផលិតកាន់ តែច្រើន នៅទូទាំងពិភពលោក៕