(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយលោក ជេណេស ចេនហ្សា (Janez Jansa) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវានី និងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹម និងអាស៊ានផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាប់ប្រាប់ក្រុមអ្នក ព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាថា ក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងលោក ជេណេស ចេនហ្សា បានឯកភាពគ្នាជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែល មានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិ បាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រទេសទាំងពីរផង ដើម្បីជំ រុញការងារនេះ ឲ្យទទួលបានជោគជ័យ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារ ជូនក្រសួងការបរ ទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការ សម្រាប់អ្នក ការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការ រវាងប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប, សម្ដេចតេជោ ហ៊ុន សែន និងលោក ចេនហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យ ដំណើរការកិច្ចប្រជុំអាស៊ីអឺរ៉ុប នាពេលខាងមុខទទួលបានជោគជ័យ។
លោក ចេន ហ្សា បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីទៅធ្វើការទស្សនាកិច្ច នៅ ប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូន លោកនាយករដ្ឋមន្ត្រីស្លូវានីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសស្លូវានី នៅដើមឆ្នាំក្រោយ៕