ក្រសួងទេសចរណ៍ ណែនាំអាជីវកម្មបៀរហ្កាឌិន ៦ចំណុច ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍


 (ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន ដែលត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការនិងរក្សាបាននូវ សុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែល រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ១៩ ក្រសួង ទេសចរណ៍ បានចេញសេចក្តីណែនាំ ០៦ចំណុច ដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន យកចិត្តទុក ដាក់រៀបចំការ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ដែលទទួលបាននៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សេចក្តីណែនាំទាំង០៦ចំណុច រួមមាន៖

* ទី១៖ ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុច ណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ ១០៨ ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១។ អាជីវកម្មបៀរ ហ្កាឌិន ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ណែនាំ ចម្បង សម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវ អនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួល ខុសត្រូវ។
* ទី២៖ អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់ រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះ មុខដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវ កម្មបៀរហ្កាឌិន ក្នុងបរិបថ (គន្លងប្រក្រតីភាពថ្មី)។
* ទី៣៖ អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារ វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពី បដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
* ទី៤៖ អាជីវកម្មបៀរហ្កាឌិន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែល ដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុង ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពី វិធាន សុវត្ថិភាពទេសចរណ៍សម្រាប់ អាជីវកម្ម បៀរហ្កាឌិន ឱ្យបានជាប្រចាំ។
* ទី៥៖ អាជីវកម្មបៀរហ្កាឌិន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រ ដល់គោល នយោបាយចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យ បុគ្គលិកទាំងអស់ រួមទាំង ក្រុមគ្រួសារ របស់ពួកគាត់ ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។
* ទី៦៖ អាជីវកម្មបៀរហ្កាឌិន ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យា ដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមមាន៖ ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុង ឧស្សាហកម្មទេសចរណ៍ជាដើម៕