(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងលោក FABRICE Έtienne លេខាទី១ ស្ថានទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅ កម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅ កម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន០២។
កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ ខាងលើនេះ មានដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ ប្តូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ មានទឹកប្រាក់ ចំនួន២០លានអឺរ៉ូ (ប្រមាណ២៣.១៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ ដល់ការស្តារឡើងវិញនូវ ប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារ គ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ ក្នុង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ប្រព័ន្ធធារាសាស្រ្ត នឹងត្រូវស្តារឡើងវិញ មានដូចខាងក្រោម៖
* ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖
ចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង៖ (១)-ទំនប់សណ្តរអាង ទឹកកំពីងពួយ ក្នុងស្រុកបាណន់
និង (២)-ទំនប់អាងទឹកភាសន៍ ក្នុងស្រុកឯកភ្នំ និង
* ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖ ចំនួន៦កន្លែង
ក្នុងខេត្តបន្ទាយមានជ័យ៖ (១)-ទំនប់តាដុក, (២)-ទំនប់អាងគ្រុឌ,
(៣)-ទំនប់អាងស្ទឹង, (៤)-ទំនប់អន្លង់ត្រាច
ក្នុងស្រុកថ្មពួក និង(៥)-ទំនប់អាង បន្ទាត់បោះ (៦)-ប្រាសាទប្រាំ
ក្នុងស្រុកស្វាយចេក។
* ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ៖
ចំនួន៨កន្លែង ក្នុងខេត្តបាត់ដំបង៖ (១)-ប្រឡាយលេខ១, (២)-ប្រឡាយលេខ២,
(៣)-ប្រឡាយលេខ៣, (៤)-ប្រឡាយលេខ៤, (៥)-ប្រឡាយលេខ៥ ក្នុងស្រុកថ្ម គោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី,
(៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង(៨)-ប្រព័ន្ធ ស្រោចស្រពកង្ហត
ក្នុងស្រុកបាណន់ និង
* ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ៖ ចំនួន២កន្លែង
ក្នុងខេត្តបន្ទាយមានជ័យ៖ (១)-អាងប្រសាទប្រាំ និង(២)-អាងអន្លង់រុត
ក្នុងស្រុកស្វាយចេក។
ទី២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទាន ដល់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោង /កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តី ត្រូវការជាអាទិភាព ក្នុងការរួមចំ ណែកការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវិដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្រ្ត ដែលស្របទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូចមានចែង ក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ បន្ដថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការនាំមកនូវសុខ សន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះ នឹងពង្រឹងឲ្យ កាន់តែខ្លាំងឡើង នូវចំណងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនេះ ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការ នានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសការដាក់ចេញ នូវគោលការណ៍ ៣ កុំ ៣ ការពារ, ការដាក់វិធានការបិទខ្ទប់ដោយ គ្មាន ការបិទប្រទេសទាំងមូល និងការជំរុញ យ៉ាងសកម្មក្នុងការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្រ្តីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ន នេះ ជារួមសម្រេចបានប្រមាណ ៩៩% ផ្អែកតាមផែនការ។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រ ប្រកបដោយភាពសប្បុរស និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមាន ចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕