អភិបាលរាជធានីភ្នំពេញ ចូលបង់ផាកពិន័យករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ


 (ភ្នំពេញ)៖ យោងតាមការឱ្យដឹងរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះគឺ ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានចូលខ្លួនទៅបង់ផាកពិន័យតាមច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណី បើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពក្នុងពេលឯកឧត្តម ដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួត ពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ។

លោក ម៉េត មាសភក្ដី បានឱ្យដឹងថា ដោយសារតែនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាទឹកជំនន់ ឯកឧត្តម អភិបាល ឃួង ស្រេង ក៏បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹក ភ្លៀងនេះយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារភូមិសាស្ត្រខ្លះពិបាកធ្វើដំណើរតាមរថយន្ត ទើបលោកអភិបាលរាជធានី ព្រមទាំងក្រុមមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ត្រូវចុះដើរផង និងជិះ ម៉ូតូផង ដើម្បីពិនិត្យឱ្យបានជាក់ច្បាស់នៅតាមគោលដៅមានជំនន់ទឹកភ្លៀង ក៏ដូចជាគោលដៅ ដែលអាចប្រឈមនឹងគ្រោះធម្មជាតិនេះផងដែរ។

លោក ម៉េត មាសភក្ដី បានបន្តថា ដោយកាលៈទេសៈខ្លះមិនអាចពាក់មួកសុវត្ថិភាពពិនិត្យ ឱ្យបាន ច្បាស់ផង ម្យ៉ាងផ្ដោតតែទៅលើបញ្ហាទឹកជំនន់ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការដាក់បទបញ្ជាដ ល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធច្រើនផ្នែកផងនោះ ទើប ឯកឧត្តម ឃួង ស្រេង ខកខានមិនបានពាក់ មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូនោះ ជាហេតុនាំឱ្យមានការរិះគន់ខ្លះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្តទៀតថា បន្ទាប់ពីឃើញនូវការរិះគន់នេះភ្លាម ឯកឧត្តម អភិបាល ឃួង ស្រេង ដែលកំពុងមមាញឹកនឹងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផង និងកិច្ចការដ្ឋ បាលជាច្រើនទៀតផងនោះ ក៏បានឆ្លៀតទៅទទួលការបង់ផាកពិន័យតែម្ដង ហើយលោកក៏ទទួល ស្គាល់ចំពោះមតិរិះគន់ទាំងនោះផងដែរ៕