សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំអាស៊ាន ពន្លឿនការសម្រេចចិត្តក្នុងការទទួលទីម័រ ជាសមាជិក ថ្មីរបស់អាស៊ាន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាមេដឹកនាំកំពូលប្រទេសសមាជិក អាស៊ាន ឱ្យពន្លឿនការសម្រេចចិត្តក្នុងការទទួលប្រទេសទីម័រ ជាសមាជិកថ្មីរបស់អាស៊ាន ខណៈ សម្តេចបានកត់សម្គាល់ឃើញប្រទេសនេះបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញនូវលក្ខខណ្ឌនានាឱ្យស្របទៅតាមអង្គការតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះ បានធ្វើឡើងក្រោមប្រធានបទ «យើងយកចិត្ត ទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ»

ក្រៅពីប្រធានសំខាន់លើការរាតត្បាតជំងឺកូវីដ១៩ និងការស្តារប្រទេសតំបន់អាស៊ានឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ហើយនោះ ប្រធានបទស្តីពីការស្នើសុំរបស់ប្រទេសទីម័រ ចូលជាសមាជិក អាស៊ាន ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។

ប្រទេសទីម័រ ត្រូវបានគេដឹងថាខិតខំស្វះស្វែងក្នុងការចូលជាសមាជិកអាស៊ានជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដោយសារមានការមិនឯកភាពពីប្រទេសសមាជិក អាស៊ានមួយចំនួន។ ក្នុងនោះប្រទេសកម្ពុជា បានប្រឹងប្រែងក្នុងការសម្របសម្រួលជាច្រើន ដើម្បី ជួយឱ្យប្រទេសទីម័រ បានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមិនមានវត្តមានរបស់ប្រទេសមីយ៉ាន់ម៉ា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានមើលឃើញប្រទេសទីម័រ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញតាមលក្ខ ខណ្ឌរបស់អាស៊ាន តែប្រទេសសមាជិកអាស៊ានខ្លះ បានព្រងើយកន្តើយចំពោះកិច្ចប្រឹងប្រែងរបស់ ទីម័រ។

សម្តេចតេជោ ក៏បានបង្ហាញនូវក្តីបារម្ភផងដែរចំពោះការទុកទីម័រឱ្យនៅដាច់ដោយឡែកបែបនេះ អាច នឹងមានគ្រោះថ្នាក់ក្នុងករណីមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍។

ជាមួយក្តីកង្វល់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់មេដឹកនាំប្រទេសសមាជិក អាស៊ានទាំងអស់ ពន្លឿននូវការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលយកប្រទេសទីម័រ ជាសមាជិក អាស៊ាន៕