លោក មូន ចេអ៊ីន បាននិយាយថា «កូរ៉េខាងត្បូងនឹងត្រលប់ទៅរកជីវភាពធម្មតា និងរៀនរស់នៅជា មួយកូវីដ-១៩ ចាប់ពីខែវិច្ឆិកាខាងមុខនេះ»


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ បានប្រាប់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន បាននិយាយថា ប្រទេស របស់លោកនឹងចាប់ផ្ដើមត្រលប់ទៅរក «ជីវភាពតាមធម្មតា» ឡើងវិញបន្តិចៗម្ដង តាមរយៈការ «រៀនរស់នៅជាមួយ COVID-19» នៅខែវិច្ឆិកាខាងមុខនេះ ខណៈសម្រេចបាននូវអាត្រាចាក់វ៉ាក់ សាំងបង្ការក្នុងកម្រិតខ្ពស់។

លោក មូន ចែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិនៅថ្ងៃចន្ទ នេះ។ លោក មូន បានបញ្ជាក់ដូច្នេះថា «ដោយសារការចាក់វ៉ាក់សាំងបង្ការ សម្រេចបានលើស ៧០ភាគរយនៃប្រជាជនសរុបប្រកបដោយស្ថិរភាព, យើងអាចនឹងចាប់ផ្ដើមវិលត្រឡប់ ទៅរក ជីវភាពរស់នៅតាមធម្មតា ដែលអាចនឹងចាប់ផ្ដើមអនុវត្តនៅ ខែវិច្ឆិកាខាងមុខ»។ តែទោះជាបែបនេះក្ដី, បើតាមលោក មូន ចែអ៊ីន ផែនការនេះនឹងត្រូវអនុវត្តជាដំណាក់កាល ដោយ វិធានការរឹតត្បិតមួយចំនួន ក្នុងនោះរួមមានទាំងការពាក់ម៉ាស នឹងនៅតែត្រូវបានអនុវត្តដដែល ដើម្បីទប់ស្កាត់ឆ្លងរាលដាល COVID-19។

សូមបញ្ជាក់ថា បើតាមគេហទំព័រ worldometer កូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 សរុប ៣៥៣,០៨៩នាក់ ក្នុងនោះស្លាប់ ២,៧៧៣នាក់ និងជាសះស្បើយឡើងវិញ ៣២៤,៤៤៨នាក់៕