(បាងកក)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បញ្ជាក់ថា ក្រសួង សុខាភិបាលថៃ នៅចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង ជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៥៨៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅ ទូទាំងប្រទេសចំនួន ១,៨៥៩,១៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៧៩៩នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៧៤០,៣១៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៧០.៧៣លានដូស ក្នុងនោះប្រជាជន ២៨.៤៧លាននាក់ (៤០.៧% នៃចំនួន ប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕