ស៊ីរី ជំរុញឱ្យអន្តរជាតិចាត់វិធានការប្រឆាំងពួកភេរវករ ក្រោយការវាយប្រហារ បំផ្ទុះគ្រាប់បែក ក្នុងរដ្ឋធានីដាម៉ាស់

 (ដាម៉ាស់)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់ថា ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធ សប្ដាហ៍នេះបានជំរុញឱ្យសហគមន៍អន្តរជាតិ និងអង្គ ការសហប្រជាជាតិថ្កោលទោសការវាយប្រហា របំផ្ទុះគ្រាប់បែក ដ៏ប្រល័យមួយនៅក្នុងរដ្ឋធានីដាម៉ាស់ ដែលបានផ្ដាច់ជីវិតមនុស្ស១៤នាក់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ SANA ក្រសួងការបរទេសស៊ីរីបាន បញ្ជាក់ដូច្នេះថា «ស៊ីរីអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិថ្កោលទោសការវាយ ប្រហារបំផ្ទុះគ្រាប់នេះដែលមានគោលដៅលើជនស៊ីវិលស្លូតត្រង់ ហើយជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចាត់វិធានការឆ្លើយតបប្រឆាំងនឹងបណ្ដារដ្ឋដែលគំាទ្រ និងផ្ដល់ហិរញ្ញវត្ថុឱ្យពួក ភេរវករ»

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ, មនុស្ស១៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារបំផ្ទុះគ្រាប់បែកលើរថយន្ដក្រុងមួយគ្រឿងរបស់យោធាស៊ីរីនៅចំកណ្ដាលរដ្ឋធានីដាម៉ាស់។ តែភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ៕