(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃនៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង ជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៥៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,២៥៣ករណី ត្រូវ បានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោស តាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១២៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១២,៤៧៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៦១៥,២២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៨៥០នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៤៨៣,១៤៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ៥១លានដូស ក្នុងនោះប្រជាជនជិត ១៩លាននាក់ (ជាង ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕