(បារីស)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Franch24 នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា តុលាការបារាំងនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេច ផ្តន្ទាទោសអតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពនន្ធាគារ១ឆ្នាំ បន្ទាប់ពីបានរក ឃើញថា លោកមានពិរុទ្ធពីបទផ្តល់ហិរញ្ញប្បទានខុសច្បាប់ លើការចំណាយច្រើនលើសលុបទៅលើ យុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ២០១២។
មេធាវីរបស់លោក សាកូហ្ស៊ី បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។ សាលក្រមនេះបានកើតឡើង តែ៦ខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានរកឃើញថាមានពិរុទ្ធជុំវិញបញ្ហាអំពើពុករលួយ នៅក្នុងសវនា ការដាច់ដោយឡែកមួយទៀត។
តុលាការនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីបារាំងរូបនេះ អនុវត្តការកាត់ទោសនៅឯផ្ទះរបស់លោក ដោយពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិកសម្រាប់ការតាមដាន។
សូមជម្រាបជូនថា អ្នកនយោបាយស្តាំនិយមវ័យ៦៦ឆ្នាំរូបនេះបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងឆ្នាំ ២០១២ ដើម្បីយកឈ្នះបេក្ខជនគណបក្សសង្គមនិយមលោក ហ្វ្រង់ស្វ័រ ហូឡង់។ ការចំណាយលើយយុទ្ធនាការបោះឆ្នោតកើនឡើងយ៉ាងខ្លាំង ហើយវិក័យប័ត្រចុងក្រោយបាន ឈាន ដល់យ៉ាងហោចណាស់ ៤២.៨លានអឺរ៉ូ (៤៩.៧លានដុល្លារអាមេរិក) ពោលវាស្ទើរតែទ្វេដង នៃដែន កំណត់ច្បាប់ដែលអនុញ្ញាតឲ្យតែ ២២.៥លានអឺរ៉ូប៉ុណ្ណោះ។
ករណីនេះត្រូវបានគេហៅថា Bygmalion affair ដែលត្រូវបានដាក់ឈ្មោះតាមក្រុមហ៊ុនទំនាក់ទំនង សាធារណៈដែលបានបង្កើតប្រព័ន្ធវិក្កយបត្រក្លែងក្លាយដើម្បីបិទបាំងថ្លៃដើមពិតប្រាកដ នៃករណី នេះ៕