ប្រមុខអង្គការសហប្រជាជាតិបានជំរុញប្រទេសទាំងអស់ឱ្យជួយប្រជាជនអាហ្វហ្គានីស្ថាន “ក្នុងគ្រាខ្វះខាតដ៏ខ្មៅងងឹតបំផុតរបស់ពួកគេ”ដោយនិយាយកាលពីថ្ងៃអង្គារទី៣១សីហាថា ប្រជាជនស្ទើរតែពាក់កណ្តាលត្រូវការជំនួយមនុស្សធម៌ដើម្បីរស់ហើយប្រទេសនេះប្រឈមនឹងការគំរាមកំហែងនៃដួលរលំសេវាកម្មមូលដ្ឋានទាំងស្រុង។
អគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េសបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅនៅក្នុងប្រទេសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដំបូងនៃការគ្រប់គ្រងរបស់តាលីបង់ បន្ទាប់ពីការដកកងកម្លាំងអាម៉េរិកចុងក្រោយចេញពីអាហ្វហ្គានីស្ថាន។
លោកបានផ្តល់នូវស្ថិតិដ៏អាប់អួរនៃ “មហន្តរាយមនុស្សធម៌” ដែលកំពុងលេចស្រមោលស្ទង់ៗ គឺ ប្រជាជនអាហ្វហ្គានីស្ថាន ១៨ លាននាក់ត្រូវការជំនួយដើម្បីរស់រានមានជីវិត ម្នាក់ក្នុងចំណោមបីនាក់មិនដឹងថាអាហារបន្ទាប់របស់ពួកគេនឹងបានមកពីណា ជាងពាក់កណ្តាលនៃកុមារអាយុក្រោម ៥ ឆ្នាំត្រូវគេរំពឹងថានឹងខ្វះអាហារូបត្ថម្ភនៅឆ្នាំក្រោយ និងរៀងរាល់ថ្ងៃមនុស្សបាត់បង់លទ្ធភាពទទួលបានទំនិញនិងសេវាកម្មមូលដ្ឋាន។
លោកគូថេរ៉េសនិយាយថា “ចំពេលកំពុងមានគ្រោះរាំងស្ងួតខ្លាំងនិងស្ថានភាពរដូវរងាដ៏អាក្រក់ជិតមកដល់ឆាប់ៗ អាហារបន្ថែម ទីជម្រក និង ការផ្គត់ផ្គង់ផ្នែកសុខភាព ត្រូវបញ្ជូនមកប្រទេសនេះឱ្យបានឆាប់បំផុត”។
អ្នកនាំពាក្យអ.ស.បលោក ស្តេហ្វេន ឌួចារិក បាននិយាយថា ការអំពាវនាវសុំជំនួយមនុស្សធម៌របស់អ.ស.បបច្ចុប្បន្នចំនួន ១,៣ ពាន់លានដុល្លារសម្រាប់អាហ្វហ្គានីស្ថានគឺទទួលបានតែ ៣៩ ភាគរយប៉ុណ្ណោះ។ លោកគូថេរ៉េសនិយាយថា ការអំពាវនាវសុំជំនួយបន្ទាន់ថ្មីមួយសម្រាប់រយៈពេល ៤ ខែខាងមុខនេះរំពឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕