នាយករដ្ឋមន្ត្រីថៃប្រឈមនឹងការជជីកសួរដេញដោលដើម្បីសម្តែងការមិនទុកចិត្តជុំវិញការដោះស្រាយកូវីដ១៩

សមាជិកសភាថៃបានចាប់ផ្តើមការជជីកសួរដេញដោលដើម្បីសម្តែងការមិនទុកចិត្ត ដែលផ្តោតលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចានិងសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់ចំនួន ៥ រូប ខណៈដែលក្រុមប្រឆាំងអះអាងថា រដ្ឋាភិបាលបានបរាជ័យក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ១៩ ។

ការជជែកដេញដោលនេះគ្រោងធ្វើរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃអង្គារទី៣១សីហា ដោយការបោះឆ្នោតសម្តែងការមិនទុកចិត្តដោយសភាជាន់ទាបនឹងធ្វើនៅថ្ងៃសៅរ៍ខាងមុខ។

ក្រុមអ្នករៀបចំបាតុកម្មតាមដងផ្លូវប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្តរាល់ថ្ងៃបានប្តេជ្ញាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែករបស់ខ្លួនក្នុងអំឡុងការជជីកសួរដេញដោលដើម្បីបង្ខំលោកប្រាយុទ្ធចេញពីតំណែង។

រដ្ឋាភិបាលចម្រុះរបស់គាត់ត្រូវគេរំពឹងជាទូទៅថានឹងបែរខ្នងដាក់បញ្ហាប្រឈមនៅសប្តាហ៍នេះបើទោះបីជាខ្លួនបានរងការរិះគន់យ៉ាងខ្លាំងចំពោះការខកខានមិនបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ឱ្យបានទាន់ពេលវេលានិងគ្រប់គ្រាន់ក៏ដោយ។

លោក សំពង់ អាម៉នវីវ៉ាត់ ជាមេដឹកនាំគណបក្សភឿថៃ បានចាប់ផ្តើមការសួរដេញដោលជាមួយការវាយប្រហារខ្លាំងៗ ដោយចោទថាលោកប្រាយុទ្ធគឺជា”មនុស្សក្រអឺតក្រទមមិនស័ក្តិសមនឹងដឹកនាំប្រទេស”។

លោកសំពង់បាននិយាយថា “ប្រសិនបើយើងអនុញ្ញាតឱ្យគាត់បន្តការដឹកនាំ វានឹងនាំឱ្យមានមនុស្សកាន់តែច្រើនឆ្លងជំងឺនិងបាត់បង់ជីវិត។វានឹងមិនមានកន្លែងបូជាសពគ្រប់គ្រាន់ទេហើយវានឹងគ្មានវិធីបញ្ឈប់ការរីករាលដាលនៃជំងឺនោះទេ”។

គាត់បានទាក់ទាញការជំទាស់ពីសមាជិកសភារបស់រដ្ឋាភិបាល នៅពេលគាត់និយាយថា ស្ថានការណ៍សព្វថ្ងៃបានរំលឹកពាក្យបុរាណថា “មេដឹកនាំល្ងង់ខ្លៅនឹងនាំយើងទាំងអស់គ្នាទៅស្លាប់ ព្រោះមនុស្សល្ងង់ខ្លៅដែលមានអំណាចគឺជាមនុស្សគ្រោះថ្នាក់ដ៏អាក្រក់បំផុត”។

នេះគឺជាការជជែកដេញដោលដើម្បីសម្តែងការមិនទុកចិត្តជាលើកទី៣ ដែលលោកប្រាយុទ្ធបានប្រឈម ចាប់តាំងពីលោកឡើងកាន់អំណាចបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០១៩ ។

លោកក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលយោធាផងដែរក្នុងឆ្នាំ ២០១៤-២០១៩ បន្ទាប់ពីបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងនាមជាអគ្គមេបញ្ជាការកងទ័ព៕