(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបើក កម្មវិធីបណ្តុះបណ្តាលស្តីពី «ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង កិច្ចការរដ្ឋបាលតុលាការនៅ កម្ពុជា» ជូនមន្ត្រីកម្ពុជា ២៥រូប មកពីក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។
ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងតាមអនឡាញ មានរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង និងធ្វើទំនើបកម្មប្រព័ន្ធកិច្ចការរដ្ឋបាលតុលាការនៅកម្ពុជា និងពង្រឹងសមត្ថភាពមន្រ្តីតុលាការ ក្នុង ការបង្កើតគោលនយោបាយកិច្ចការរដ្ឋបាលតុលាការ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី៖ ទី១៖ ផ្តល់នូវសេចក្តីយោង អំពីបទ ពិសោធន៍របស់ប្រទេសកូរ៉េ ចំពោះវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា, ទី២៖ ជួយក្នុងការធ្វើឱ្យ ប្រសើរឡើង និងទំនើបកម្ម នៃប្រព័ន្ធរដ្ឋបាលតុលាការ និងទី៣៖ ជួយពង្រឹងការទទួលខុសត្រូវ និងការយល់ដឹង អំពីក្រមសីលធម៌នៃមន្ត្រីច្បាប់ និងតុលាការ។
សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) ដោយធ្វើការ វិភាគអំពីបញ្ហានាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមធំ ៗ ដែលប្រទេសកំពុងជួបប្រទះ។ វាគឺជាផ្នែកមួយ នៃដំណើរការបង្កើតផែនការសកម្មភាព ដែលសិក្ខាកាម នឹងចូលរួមនៅក្នុងអំឡុង ពេលនៃកម្មវិធីបណ្តុះបណ្តាល។
លើសពីនេះ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងបង្កើតផែនការសកម្មភាព ដោយ បញ្ចូលនូវចំណេះដឹងពីការរៀន ការពិភាក្សា បទពិសោធន៍ និងការស្វែងយល់នៅអំឡុងពេលនៃ កម្មវិធី។
ផែនការសកម្មភាព គឺជាសកម្មភាពដ៏សំខាន់នៃកម្មវិធី ដែលផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការសរសេរផែនការសកម្មភាព ដែលអាចយកទៅអនុវត្ត និងអាចធ្វើទៅបាន ដើម្បីផ្តល់នូវ ជម្រើស ក៏ដូចជាដំណោះស្រាយ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំ ប្រទេស។
នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោង ផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហា រូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។
កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ។ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រមាណ ៣,២០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងកម្មសិក្សាថ្នាក់អនុបណ្ឌិត នៅ សាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់កយកា-KOICA៕